សាខាកាំកុងត្រូល ចុះពង្រឹងសុវត្ថិភាពទំនិញ និងចំណីអាហារដល់អាជីវករ ដើម្បីទប់ស្កាត់ការនាំចូល និងលក់ផលិតផលហួសកាលបរិច្ឆេទ ធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ខេត្តស្ទឹងត្រែង៖ ប្រធានសាខាកាំកុងត្រូល បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញជាច្រើនប្រភេទ ដើម្បីរួមគ្នាលើកកំពស់សាវាសុខភាពដល់អ្នកប្រើប្រាស់ ស្របពេលដែលទំនិញមូយចំនួនហួសកាលបរិច្ឆេទ ត្រូវបានរកឃើញពីក្រុមអាជីវករ ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារថ្មីក្រុងស្ទឹងត្រែង កាលពីថ្ងៃចុងសប្តាហ៍មុននេះ។

ប្រធានសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានណែនាំដល់ម្ចាស់អាជីវករ នៅតាមតូបលក់ទំនិញជុំវិញផ្សាថ្មីក្រុងស្ទឹងត្រែង ឲ្យរួមគ្នាជួយពិនិត្យមើលទំនិញនាំចូលទាំងឡាយណា បើគ្មានស្លាក់សញ្ញា កាលបរិច្ឆេទត្រឹមត្រូវ និងម្ចាស់ក្រុមហ៊ុនច្បាស់លាស់នោះទេ ត្រូវនាំគ្នាជៀសវាងកុំទទួលទិញលក់ឲ្យសោះ។ លោកថា ការអនុវត្តន៍បែបនេះ ដើម្បីមានការធានាផ្នែកច្បាប់ ក្នុងពេលដែលផលិតផលណាមួយ បង្កផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅគ្រាដែលពួកគាត់នាំគ្នាមកទិញយកទៅបរិភោគ។

លោក គឹម ប្រុស បានពន្យល់ដល់អាជីវករ ពេលដាក់ទំនិញលក់ ត្រូវចេះបែងចែកប្រភេទទំនិញនិមួយៗ ឲ្យនៅដាច់ដោយឡែកពីគ្នា និងត្រូវតែឲ្យមានអនាម័យល្អជានិច្ច ដើម្បីធានានូវគុណភាពទំនិញ និងពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគ មិនបង្កផលប៉ះពាល់ដល់សុខភាព។

លោកប្រធានសាខាកាំកុងត្រូល បានអះអាងថា ដើម្បីសុខភាពសាធារណៈនោះ ក្រុមការងារបានធ្វើសកម្មភាពចុះពិនិត្យជារៀងរាល់ខែ បើរកឃើញថាទំនិញណាមួយខូចគុណភាពនោះ ត្រូវតែធ្វើការដកហូត និងធ្វើការពិន័យចំពោះអាជីករណា ដែលបានធ្វើកិច្ចសន្យា ហើយមិនស្តាប់តាមការណែនាំនោះ និងនៅពេលនេះ យើងបានរកឃើញ និងធ្វើការដកហូតទំនិញខូចគុណភាព មានមី៤៤កញ្ជាប់ នំក្រៀម២កំប៉ុង និងម្សៅឆា៤កញ្ជាប់ នោះថែមទៀត។

អ្នកលក់ទំទិញគ្រប់ប្រភេទនៅផ្សាថ្មីក្រុងស្ទឹងត្រែង លោកស្រី នី ស៊ីធួន បានលើកឡើងថា បច្ចុប្បន្ន ប្រជាពលរដ្ឋចេះមើលពីប្រភេទទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ នោះហើយ បន្ទាប់ពីមន្ត្រីជំនាញកាំកុងត្រូល ក៏ដូចជាមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ ធ្វើការអប់រំ និងផ្សព្វផ្សាយ ធ្វើឲ្យរូបគាត់ ក៏ដូចជាអាជីវករឯទៀត បានយល់ដឹងពីស្លាកសញ្ញា ការកំណត់ថ្ងៃផលិត និងប្រើប្រាស់ របស់ទំនិញ ឬផលិតផលគ្រប់ប្រភេទនោះហើយដែរ ព្រោះកន្លងមក ក៏មានប្រជាពលរដ្ឋយើង ធ្លាប់ទិញចំទំនិញហួសកាលកំណត់ យកទៅប្រើប្រាស់ និងនៅពេលនេះ ដោយសារមានការចុះមកត្រួតពិនិត្យពីក្រុមមន្ត្រីជំនាញ ទើបធ្វើឲ្យអាជីវករមានការយល់ដឹង និងឈប់ទទួលទិញទំនិញហួសកាលកំណត់ យមកលក់ទៀតនោះហើយ។

អាជីវករម្នាក់ទៀត លោកស្រី ដា លីណា បានសំដែងការគាំទ្រ ដល់សកម្មភាពចុះពិនិត្យទំនិញ របស់មន្ត្រីជំនាញទាំងពីរស្ថាប័ន ព្រោះជាប្រយោជន៍ អាចជួយទប់ស្កាត់ និងការពារបាន នូវជម្ងឺនានា ដែលកើតចេញពីការបរិភោគអាហារខូចគុណភាព ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋទូទៅ។

លោកស្រីបានស្នើ ដល់សាខាកាំកុងត្រូល ត្រូវតែធ្វើការផាក់ពិន័យចំពោះអាជីវករណា ដែលនៅបន្តលួចលាក់លក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នោះឲ្យបាន ដើម្បីជួយលើកកំពស់សេវាសុខភាពអ្នកប្រើប្រាស់៕ ឡុង សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *