ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ

ព្រះសីហនុ​ ៖​ នៅព្រឹកថ្ងៃច័ន្ទ ៤កើត ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំជីវភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្រុមការងារនៅមូលដ្ឋានខេត្តព្រះសីហនុ។

កិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើសកម្មភាពការងារទាក់ទងនឹងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការការពារសុខសុវត្ថិភាពជនបរទេស ការងារសំណង់ ការពង្រឹងការគ្រប់គ្រងសំណល់រឹង រាវ ការដោះស្រាយបញ្ចប់បញ្ហាដីធ្លី និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សុខសុវត្ថិភាព និងសន្តិភាព ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ខិតខំប្រឹងប្រែងឆ្លងកាត់ប្រវត្តិសាស្រ្ត នាំជូនកម្ពុជា ហើយបានក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានសង្កត់ធ្ងន់លើយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការធានាកំណើនសេដ្ឋកិច្ចជាប្រចាំ ៧% ជារៀងរាល់ឆ្នាំ ការបង្កើនការងារជូនប្រជាពលរដ្ឋ ការបន្តកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជន។

ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តមន្រ្តីដែលពាក់ព័ន្ធទាំងអស់ បំពេញតួនាទី ភារកិច្ចដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ មន្រ្តីជំនាញ ត្រួតពិនិត្យ រៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី ដើម្បីឆ្លើយតបនឹងតម្រូវការការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅពេលខាងមុខ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានរៀបចំឡើងរយៈពេល២ ថ្ងៃ ដោយចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅទីតាំង៣កន្លែងផ្សេងគ្នា នៅក្រុងព្រះសីហនុ និងនៅស្រុកស្ទឹងហាវ នៅស្រុកព្រៃនប់ និងនៅមូលដ្ឋានស្រុកកំពង់សិលា។ នៅក្នុងកិច្ចប្រជុំគណៈអធិបតី បាន អនុញ្ញាតឱ្យ សមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក បញ្ចេញមតិ និងបានលើកយកនៅបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *