អភិបាលក្រុងខេមរភូមិន្ទរុញដាក់ចៅសង្កាត់ស្មាច់មានជ័យ រឿងសាងសង់សំណង់ឥតច្បាប់ នៅត្រង់ចំនុចព្រលានយន្តហោះចាស់

កោះកុង ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន បានចោទប្រកាន់អាជ្ញាធរថា ឃុបឃិតបើកដៃអោយមានការសាងសង់សំណង់អាណាធិបតេយ្យ នៅលើដីគំរោងផ្លូវសារធារណៈរបស់រដ្ឋ​ ត្រង់ចំនុចព្រលានយន្តហោះចាស់ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា សំណង់អាណាធិបតេយ្យ​ ដែលពុំមានច្បាប់អនុញ្ញាត និងសាងសង់នៅលើផ្លូវសារធារណៈរបស់រដ្ឋ បានកើតឡើងជាបន្តបន្ទាប់​ ខណៈដែលអាជ្ញាធរ​ ហាក់ពុំមានការបង្ក្រាប​ ឬទប់ស្កាត់នោះឡើយ​ រឿងរ៉ាវទាំងនេះ​ បានធ្វើអោយពួកគាត់មានការសង្ស័យថា​ ប្រហែលជាម្ចាស់សំណង់ទាំងនោះ​ អាចមានការឃុបឃិតត្រូវដងត្រូវផ្លែជាមួយខាងអាជ្ញាធរ​ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធហើយមើលទៅ បានជាសកម្មភាពនៃការសាងសង់បំពានលើផ្លូវច្បាប់​ ចេះតែកើតមានជាបន្តបន្ទាប់បែបនេះ ។

ប្រភពខាងលើបានលើកឡើងទៀតថា កាលពីជំនាន់ ឯកត្តម ប៊ុន លើត ជាអភិបាលខេត្តកោះកុង និងលោក ធូ វិបុល ជាអភិបាលក្រុងខេមរភូមិន្ទវិញ ដីចំនុចខាងលើនេះ​ ត្រូវបានអាជ្ញាធរហាមប្រាម​ និងទប់ស្កាត់មិនអោយមានការសាងសង់សណង់​ ឬធ្វើរបងហ៊ុំព័ទ្ធដីនេះបានឡើយ តែមកដល់ជំនាន់លោកជំទាវ មិថុនា ភូថង ជាអភិបាលខេត្ត និងលោក ឈេង សុវណ្ណដា ជាអភិបាលក្រុងវិញ ត្រឡប់ទៅជាបើកអោយមានការសាងសង់នូវសំណង់ឥតច្បាប់​ នៅលើដីគំរោងផ្លូវសារធារណៈទៅវិញ នេះសបញ្ជាក់អោយឃើញពីការមិនយកចិត្តទុកដាក់អនុវត្តន៍ទៅតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចបានបញ្ជាអោយអាជ្ញាធរ និងសមត្ថកិច្ចជំនាញត្រូវនាំគ្នាខិតខំក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបនូវរាល់សកម្មភាពរំលោភបំពានទៅលើដីសារធារណៈរបស់រដ្ឋ ដើម្បីជៀសវៀងពេលដែលរដ្ឋអភិវឌ្ឍន៍ត្រឡប់ទៅជាមានការប៉ះពាល់ជាមួយនឹងពលរដ្ឋ​ ហើយត្រូវងាកមកធ្វើការដោះស្រាយតាមគោលនយោបាយ​ ដែលជាហេតុធ្វើអោយរដ្ឋខាតបង់នូវថវិការជាតិជាច្រើនថែមទៀត ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើ លោក អាយ សុភីរឹទ្ធិ ប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ​ បានអោយដឹងថា ចំពោះបញ្ហាការសាងសង់សំណង់ឥតច្បាប់ខាងលើ ជំនាញរបស់លោកបានចុះទៅធ្វើការហាមឃាត់​ ២ដង​ រួចមកហើយ ហើយក៏បានធ្វើរបាយការណ៍ជូនទៅលោកអភិបាលក្រុងរួចហើយដែរ ។

ចំណែកលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ​ បានអោយដឹងដែរថា លោកបានអោយខាងជំនាញចុះទៅធ្វើការឃាត់ចំនួន​ ២ដង​ រួចមកហើយ​ ដោយសារតែឃើញថាសំណង់នេះពុំមានច្បាប់ តែភាគីខាងម្ចាស់សំណង់​ បានអះអាងថា ការសាងសង់របស់គាត់មានការអនុញ្ញាតត្រឹមត្រូវពីលោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ ហេតុនេះហើយ​ លោកបានសុំគោលការណ៍ទៅខាងខេត្ត​ ដើម្បីធ្វើការពិនិត្យពិច្ច័យមើលថា​ តើដីត្រង់ចំនុចខាងលើ​ វាជាដីគំរោងផ្លូវសារធារណៈមែនដែរឬយ៉ាងណា? ព្រោះលោកទើបតែឡើងកាន់តំណែងថ្មី ហើយបើចង់ដឹងពីរឿងនេះច្បាស់​ សួរទៅខាងលោកចៅសង្កាត់ស្មាច់មានជ័យទៅ​ ដឹងច្បាស់ហើយ ព្រោះថាការស៊ីញ៉េលក់ទិញ និងចេញច្បាប់អោយសាងសង់នោះ​ គឺសុទ្ធតែជាចៅសង្កាត់ទាំងអស់ ។

ចំពោះបញ្ហាដែលម្ចាស់សំណង់​ នៅតែមានការរឹងរូសក្នុងការសាងសង់យ៉ាងគឃ្លេីន​ ដោយមិនខ្វល់ពីការហាមឃាត់របស់អាជ្ញាធរក្រុង​ និងសមត្ថកិច្ចជំនាញនោះ គឺពុំត្រូវបានលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទធ្វើការឆ្លើយតបវិញទេថា​ នឹងវិធានការផ្លូវច្បាប់បែបណាបន្តទៀតនោះឡើយ ។

ដោយឡែក លោក នាយ យ៉ុង ចៅសង្កាត់ស្មាច់មានជ័យវិញ ភ្នាក់ងារព័ត៌មានយើងពុំអាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ដោយភ្នាក់ងារយើងបានសួរគាត់តាមបណ្តាញសង្គមតេលេក្រាមដែរ តែលោកពុំព្រមឆ្លើយតប ៕

Leave a Reply

Your email address will not be published. Required fields are marked *