ឃាត់ខ្លួនជនបរទេសម្នាក់​ និងគ្រឿងញៀនជាង​ ៤០កញ្ចប់​ ក្នុងក្រុងស្ទឹងត្រែង

ស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង ​១២​:៣៥នាទីថ្ងៃត្រង់ ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ប្រមាណ​ ៤៤​កញ្ចប់​ធំ និង​តូច​ លាក់​ក្នុង​វ៉ាលី​ ច្រកក្នុងកញ្ចប់នំ ស្គរ​គ្រាប់ និង​កញ្ចប់​កាហ្វេ វេច​ខ្ចប់​យ៉ាង​ស្អាត នៅ​ចំណុច​ប្រថាប់​ត្រា មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ ច្រក​ទ្វារ​ចេញចូល​អន្តរជាតិ កម្ពុជា-ឡាវ ស្ថិត​ក្នុង​ភូមិ​កំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

ប្រភពសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនបរទេស​នោះមានឈ្មោះ NURUL FADLI EKO PUTRO ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ សញ្ជាតិ​ឥណ្ឌូណេស៊ី ដោយមានការសង្ស័យក្នុងវ៉ាលី សមត្ថកិច្ច​ប៉ុស្តិ៍​បានធ្វើការ​ត្រួត​ពិនិត្យ និង​ឆែកឆេនៅ​ទីតាំង​ខាងមុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល ក៏​រកឃើញនៅ​ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ ដូចជា កញ្ចប់​កាហ្វេ កញ្ចប់​ស្ករ​គ្រាប់ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង សង្ស័យ​ជា​សារធាតុ​ញៀន ហើយ​ក៏បាន​អញ្ជើញ​សមត្ថកិច្ចជំនាញ (BLO) ប្រចាំការ​ច្រកទ្វារ​ត្រពាំង​ក្រៀល មក​ត្រួតពិនិត្យ​បន្ថែម ពិតជា​សារធាតុ​ញៀន​ពិតប្រាកដ​មែន ទើប​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​តែម្តង។

បច្ចុប្បន្ន​ ជនសង្ស័យ​ សមត្ថកិច្ច​កំពុង​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ ធ្វើការ​សាកសួរ​បន្ថែម ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​នីតិ​វិធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *