អភិបាលខេត្តស្វាយរៀង​ អញ្ជើញចុះពិនិត្យបណ្តាញទឹកស្អាត​ ដែលអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង​ កំពុងតភ្ជាប់នូវបណ្តាញថ្មី​

ស្វាយរៀង​ ៖​ ដោយមើលឃើញនូវបញ្ហាចំពោះមុខអំពីការខ្វះខាតទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង នាព្រឹកថ្ងៃសៅរ៍១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង មន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បានអញ្ជើញចុះពិនិត្យបណ្តាញទឹកស្អាតដែលអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងកំពុងតភ្ជាប់នូវបណ្តាញថ្មី ហើយបានផ្ទុះធ្លាយទុយោនៅចំណុចសួនច្បារច្រមុះជ្រូក សង្កាត់ពោធិ៍តាហោ ដែលបណ្តាលអោយដាច់ទឹកនៅក្នុងក្រុងស្វាយរៀង​ នាពេលថ្មីៗកន្លងមកនេះ។

ស្ថិតក្នុងកាលៈទេសៈបែបនេះ ឯកឧត្តមអភិបាលខេត្តបានជម្រុញដល់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ត្រូវពន្លឿនការជួសជុលតាមលក្ខណៈបច្ចេកទេសអោយបានឆាប់ និងធានាអោយបាននូវសម្ពាធទឹក និរន្តរភាពក្នុងការផ្គត់ផ្គង់ ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

តបតាមការសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងប្រធានអង្គភាពរដ្ឋាករទឹក បានអះអាងថា នឹងធ្វើអោយទឹកស្អាតដំណើរមានសម្ពាធ និរន្តរភាពឡើងវិញ​ ត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

បន្ទាប់ពីអញ្ជើញពិនិត្យមើលការជួសជុលតភ្ជាប់បណ្តាញទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹក ឯកឧត្តមអភិបាលលខេត្ត បានអញ្ជើញចុះពិនិត្យមើលផ្លូវវាង​ នៅចំណុចស្ពានតាហោក្រុងស្វាយរៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ​ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ “សង្ក្រាន្តស្វាយរៀងថ្ងៃទី ១៤-១៥ និង១៦​ ខែមេសា​ ឆ្នាំ២០១៩នេះ’’ ស្របពេលដែលស្ពានតាហោថ្មីនេះ​ មិនទាន់សាងសង់រួចរាល់។

បើតាមការអោយដឹងពីក្រុមហ៊ុនសាងសង់ស្ពានតាហោនេះ នឹងបញ្ចប់ការស្ថាបនាឱ្យរួចរាល់១០០% នៅចុង ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *