ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាល សួរសុខទុក្ខកងទ័ព នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង​ ៖ នៅព្រឹកថ្ងៃព្រហស្បិ៍ ០៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩​ នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាក់ថាវេទិកានេះ រៀបចំឡើងស្របជាមួយសភាពការណ៍នយោបាយនៃប្រទេសជាតិ មានសុខសន្តិភាពពេញលេញ សេដ្ឋកិច្ចជាតិមានកំណើជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ជាការបង្ហាញអោយឃើញពីគ្រឹះសាមគ្គីភាពដ៏រឹងមាំ រវាងកងទ័ពនៅសមរភូមិមុខ ជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាពរជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី១។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី ឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ។

ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ការយកចិត្តទុកដាក់ខ្ពស់ដល់កងទ័ព ទៅលើបញ្ហាសុខភាព អនាម័យ ជីវភាព និងធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងជម្រុញឱ្យមានការចូលរួមចំណែក ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីប្រជាពលរដ្ឋរស់នៅដោយសុខសាសន្ត និងការអភិវឌ្ឍនប្រទេសជាតិដោយចីរភាពទៅអនាគត។

នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធពលភាគទី១ ឯកឧត្តម សាយ សំអាល់ រួមទាំងប្រតិភូអំដំណើរ បានលើកទឹកចិត្តផ្តល់ជូនដល់កងទ័ព រួមមានទោចចក្រយានយន្ត គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស និងថវិកា បន្ថែមទៀត។ ដោយឡែកនៅថ្ងៃនេះដែរ ឯកឧត្តម សាយ សំអាល់ បានឧបត្ថម្ភពិធីពិសារអាហារសាមគ្គីជាមួយនាយទាហាន នាយទាហាននិងពលទាហាន និងមន្រ្តីឧទ្យានុរក្សផងដែរ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសបង្កើតឱ្យមានការចងសម្ព័ន្ធភាពរវាងក្រសួងបរិស្ថាន និងបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមជាមួយក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អ ព្រមទាំងបានធ្វើការផ្គត់ផ្គង់ ឧបត្ថម្ភគាំទ្រ ក្នុងការកសាងទីតាំងអង្គភាពការពារសន្តិសុខ និងការពារទឹកដីដ៏រ៉ឹងមាំ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *