រដ្ឋបាលខេត្តកំពង់ធំ​ រៀបចំពិធីក្រុងពាលី​ បួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩

កំពង់ធំ​ ៖​ ដើម្បីរួមចំណែកថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងអភិរក្សកេរ្តិ៍ដំណែលមរតខ្មែរ ជាក់ស្តែងប្រាសាទសំបូរព្រៃគុក​ បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​ ក្នុងនាមរដ្ឋបាលខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត​ រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩ រសៀលថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៩​ នៅរម្យណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ។​ វត្តមានក្នុងកម្មវិធីនេះ គេសង្កេតឃើញមានការអញ្ជើញចូលរួម ពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជន មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ ដែលបានចូលរួមទាំងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក​ និងនៅតាមរមណីយដ្ឋានផ្សេងៗ​ សូមមេត្តារក្សានូវបរិស្ថាន​ ជាពិសេសកាកសំណល់​ ដែលបានហូបរួចហើយ​ ត្រូវទុកដាក់ឲ្យបានល្អនៅក្នុងធុងសម្រាម​ និងធ្វើឲ្យមានអនាម័យល្អប្រសើរ​ ហើយគ្មានអ្នកណាអាចជួយយើងបានក្រៅពីខ្លួនយើងនោះទេ។

ឯកឧត្តមក៏បានបន្តទៀតថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសុខសន្តិភាព​ ដែលរកបានដោយកម្រក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ​ ឯកឧត្តមក៏បានលើកឡើង អំពីការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ​ ត្រូវធ្វើយ៉ាងណា​ លក់ដូរឲ្យមានតម្លៃសមរម្យ​ ដើម្បីឲ្យបងប្អូនមានការទទួលទាន​ ហើយចង់មកកម្សាន្តហើយ​ ចង់មកកម្សាន្តទៀត។

ចុងក្រោយ​ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន​ និងបើកបរដោយប្រុងប្រយ័ត្នដោយគោរពសិទ្ធិគ្នាទៅវិញទៅមក​ ចៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយ។​

គួរបញ្ជក់ថា​ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ខាងមុខនេះ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ស្ថិតក្នុង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។​ ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុកនេះ ប្រារព្ធឡើងជាលើកទី ៥ហើយ (២០១៥-២០១៩) ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណៈជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុមរម្យនា សប្បាយរីយរាយ និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយ​ បានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យចេនឡា ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណី​ដ៏ផូរផង់ និងបន្តពង្រីកនូវកិត្យានុភាព នៅលើឆាកអន្តរជាតិ​ ដែលបានដាក់បញ្ចូលជសម្បត្តិ បេតិកភ័ណពិភពលោក កាលពីឆ្នាំ២០១៧កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *