សមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្ដុះបណ្ដាល ដល់អ្នកសារព័ត៌មាន ក្រោមប្រធានបទ ” សារព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ “

ខេត្តកណ្ដាល៖ នាថ្ងៃទី 16 ខែមីនាឆ្នាំ 2019 នៅទីស្នាក់ការកណ្តាល របស់សមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលមាន ទីតាំងស្ថិតនៅ ភូមិព្រែកក្របៅទី 3 ឃុំព្រែកអំពិលស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាលអ្នកសាពត៌មានប្រមាណជា ២៥ អង្គភាពអញ្ជើញមកពីតាមបណ្តាខេត្តក្រុងដែលមានសិក្ខាកាមចូលរួមចំនួន ៥០ នាក់ ក្រោមប្រធានបទ របៀបសរសេរព័ត៌មានបែបឌីជីថលនិងការលុបបំបាត់ព័ត៌មានក្លែងក្លាយ។

លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ថា គោលបំណងដែលសមាគម បានបើកវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីផ្ដល់ចំណេះដឹងនិងជំនាញដល់សិក្ខាកាម ពីរបៀបយកពត៌មាននិងសរសេរពត៌មានក្នុងសម័យព័ត៌មានឌីជីថល។ សិក្ខាកាមនឹងបានយល់ដឹង នូវភាពខុសគ្នា រវាងរបៀបសរសេរព័ត៌មានបែបប្រពៃណី ដែលចុះផ្សាយក្នុងកាសែតទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ និងព័ត៌មានឌីជីថល ដែលផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក ទេស វិបុល បានបន្ថែមទៀតថា ទន្ទឹមនឹងនេះដែរ សិក្ខាកាម នឹងបានយល់ពី ក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់សារព័ត៌មាន ទាក់ទងនឹងសិទ្ធិសេរីភាព និងការទទួលខុសត្រូវ របស់អ្នកសារព័ត៌មាន ក្នុងការអនុវត្តន៍អាជីពផ្នែកសារព័ត៌មាន របស់ពួកគេផងដែរ។ 

លោក ហង្ស ចក្រា ដែលត្រូវបានគេចាត់ទុកថា ជាព្រឹទ្ធាចារ្យមួយរូប ដែលមានបទពិសោធន៍យូរអង្វែង ខាងវិស័យព័ត៌មាន បានឲ្យដឹងថា ” ខ្ញុំមានសេចក្តីសោមនស្សរីករាយបំផុត នៅពេលដែលយើង បានទទួលយកនូវមេរៀន សំខាន់ៗ សម្រាប់ជាបទពិសោធន៍ របស់យើង ទៅថ្ងៃអនាគត ។ឥឡូវនេះ យើងត្រូវតែចាប់អារម្មណ៍ថា ការសរសេរព័ត៌មានបែបឌីជីថលនេះ គឺវាមិនមែនដូច ការសរសេរព័ត៌មានបោះពុម្ពទេ។ ហើយ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ គឺយើងត្រូវតែដឹងប្រភព ព័ត៌មាននេះ យកមកពីណា តើព័ត៌មាននោះ វាពិតឬទេ ។ អារម្មណ៍របស់ខ្ញុំ រំភើបរីករាយនឹងទទួលយកបាន។

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ សមាគមសេរីភាព អ្នកសារព័ត៌មានកម្ពុជា សហការជាមួយវិទ្យាស្ថាន កម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សាពត៌មានកម្រិតខ្ពស់ ហើយត្រូវសម្របសម្រួល ដោយ លោក មឿន ឈានណារិទ្ធិ ដែលជាសាស្ត្រាចារ្យ ផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា និងជានាយកវិទ្យាស្ថាន សិក្សាផ្នែកសារព័ត៌មាន។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេលមួយថ្ងៃពេញ ហើយនៅពេលបញ្ចប់វគ្គ សមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង៥០នាក់ ដែលបានអញ្ជើញមកចូលរួមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *