ក្រុមហ៊ុន ស៊ី អេស អ៊ី សឹលូសិន (C.S.E Solution Co.,Ltd) ថ្លើមធំហ៑ាន ខួងដីក្រោមថ្នល់ កាត់ផ្លូវជាតិលេខ៥ ដាក់ទុយោបូមខ្សាច់ ៤ខែមកហើយ ទើបចាប់ផ្តើមរត់ច្បាប់ !

កណ្ដាល ៖ ក្រុមហ៊ុនមួយ ដែលមានឈ្មោះថា ក្រុមហ៊ុន ស៊ី អេស អ៊ី សឹលូសិន (C.S.E Solution Co.,Ltd) ត្រូវពលរដ្ឋរាយការណ៍មកថា បានខួងដីក្រោមថ្នល់ កាត់ទទឺងផ្លូវជាតិលេខ៥ ចំនុច ភូមិព្រែកក្តី ឃុំ ព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដើម្បីដាក់ ទុយោបូមខ្សាច់ ចាក់លុបបឹង យ៉ាងរំភើយ អស់រយៈពេលជាង 4 ខែ កន្លងមកហើយ ដោយមិនបានសុំច្បាប់ ឆ្លងកាត់រដ្ឋបាលខេត្តកណ្ដាល ឬ ក្រសួង សាធារណការនិងដឹកជញ្ជូន ឡើយ ។

បើតាមការអះអាង ពីបងប្អូនប្រជាពលរដ្ឋនៅជុំវិញកន្លែងទីតាំងខាងលើ បានដាក់ការសង្ស័យថា សាឡង់បូមខ្សាច់ខាងលើនេះ ប្រហែលជាមិនមានច្បាប់អនុញ្ញាតិ នោះទេហើយការខួងក្រោមដី កាត់ទទឹងថ្នល់ជាតិលេខ៥ នេះ ក៏មិនមានច្បាប់ដល់អភិបាលខេត្តឬក្រសួងជំនាញដែរ។

ចំពោះច្បាប់អនុញ្ញាតិធ្វើអាជីវកម្មសាឡង់បូមខ្សាច់នៅទីតាំងខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងបានព្យាយាមសុំការបកស្រាយអំពីម្ចាស់សាឡង់បូមខ្សាច់ ភ្លាមនោះតំណាងម្ចាស់សាឡង់បូមខ្សាច់នោះបានឆ្លើយថា ម្ចាស់ការដ្ឋានបូមខ្សាច់ចាក់បំពេញដីខាងមុខនេះ ជាអ្នកធានាច្បាប់របស់សាឡង់បូមខ្សាច់នេះ ប៉ុន្តែទោះជាយ៉ាងណាក៏ម្ចាស់សាឡង់បូមខ្សាច់នេះមិនបានបង្ហាញច្បាប់នោះ ឲ្យអ្នកសារព័ត៌មានបានឃើញដើម្បីបង្ហាញឲ្យមហាជនអស់មន្ទិលសង្ស័យនោះទេ។

ចំពោះករណីខួងដីក្រោមថ្នល់កាត់ផ្លូវជាតិលេខ ៥ របស់ ក្រុមហ៊ុន ស៊ី អេស អ៊ី សឹលូសិន (C.S.E Solution Co.,Ltd) ខាងលើ ត្រូវបានភាគីខាងក្រុមហ៊ុននេះបញ្ជាក់ថា បានសុំច្បាប់អនុញ្ញាតិទៅសាលាស្រុករួចហើយ ដោយបានបង្ហាញដល់អ្នកសារព័ត៌មានជាច្រើនអង្គភាពនោះត្រឹមតែហត្ថលេខារបស់ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូនស្រុក និងហត្ថលេខាលោកអភិបាលស្រុក បញ្ជូនទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ដើម្បីសម្រចតែប៉ុណ្ណោះ ប៉ុន្តែភាគីក្រុមហ៊ុននោះ មិនបានបង្ហាញច្បាប់អនុញ្ញាតិដែលចេញដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលនិងអភិបាលខេត្តកណ្ដាលព្រមទាំងក្រសួងសាធាណការនិងដឹកជញ្ជូន នៅឡើយទេ។

មហាជនបានដាក់ការសង្ស័យថា ច្បាប់អនុញ្ញាតិឱ្យខួងដីក្រោមថ្នល់ កាត់ទទឹងផ្លូវជាតិលេខ ៥ទីតាំងខាងលើនេះ មិនមានច្បាប់អនុញ្ញាតិគ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែម្ចាស់ក្រុមហ៊ុនខាងលើនេះ បែរជាធ្វើសកម្មភាព ខួងកាត់ទទឹងថ្នល់ជាតិលេខ៥ រួចរាល់ជាស្ថាពររយៈពេលជាង 4 ខែកន្លងរួចមកហើយ ដោយមិនបានសុំច្បាប់ទៅអភិបាលខេត្តកណ្ដាល ក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូន ឡើយ។

មហាជនក៏រង់ចាំមើលថា តើឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក៏ដូចជាក្រសួងជំនាញគឺ ក្រសួងសាធាណៈសាធារណការនិងដឹកជញ្ជូន នឹងមានចំណាត់ការយ៉ាងណា ចំពោះករណីក្រុមហ៊ុនខាងលើដែលថ្លើមធំហ៊ាន ខួងក្រោមដីកាត់ទទឺងផ្លូវជាតិលេខ៥ ដាក់ទុយោបូមខ្សាច់ យ៉ាងអនាធិបតេយ្យ មិនគោរពច្បាប់នឹងអាជ្ញាធរខេត្តបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *