មហាសេដ្ឋីស្រុកចិន​ ចេក ម៉ា មកទស្សនាអង្គរ​ ទាំងអារម្មណ៍អស្ចារ្យ​ និងក្តីគោរព

ភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរ​ មិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរណ៍ទូទៅប៉ុណ្ណោះទេ បុគ្គលល្បីៗក្នុងលោក រួមនឹងអ្នកមានៗលំដាប់ពិភពលោកច្រើនរូប​ ក៏ទាក់ចិត្តមិនខកខានក្នុងដំណើរមកទស្សនាអង្គរដែរ។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចាត់ទុកជាថ្ងៃពិសេសមួយទៀត ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃ​ នៅប្រាសាទនានា​ ក្នុងតំបន់អង្គរ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក ចេក ម៉ា ទស្សនាប្រាសាទអង្គរវត្ត​ បានបញ្ជាក់ថា លោក ចេក ម៉ា ជាមនុស្សសុភាពគួរឲ្យគោរព។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោក​ បានបង្ហាញនូវការគោរពផ្តល់តម្លៃយ៉ាងខ្លាំង​ ចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានា​ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។

ឯកឧត្តមបន្តថា តាមការបញ្ជាក់របស់លោក ចេក ម៉ា លោកពិតជាស្ញើចសរសើរ​ នូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរ​ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកបញ្ជាក់ថា លោកនឹងមកកាន់រមណីយដ្ឋានអង្គរ​ នាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត ។

ឯកឧត្តមជឿជាក់ថា តាមរយៈវត្តមានរបស់លោក ចេក ម៉ា ក៏ដូចជាបុគ្គលល្បីៗផ្សេងទៀត​ ក្នុងពិភពលោក​ ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗ​ ជារៀងរាល់ឆ្នាំបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *