សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ​ ដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេស​ សរុបចំនួន ១៣៣នាក់​ នៅខណ្ឌដង្កោ

ភ្នំពេញ ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលពីការរស់នៅ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ និងអាហារដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ១៣៣នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងមនោសញ្ចេតនាយ៉ាងកក់ក្តៅ និងក្នុងឱកាសទិវាអន្តរជាតិនារីផង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះបន្ទូលរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះចៅៗក្មួយៗនិងបុគ្គលិកទាំងអស់ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសមកពីប្រទេសផ្សេងៗជាច្រើន ជាពិសេសគឺអាជ្ញាធរមូលដ្ឋាន ដែលជួយធ្វើឱ្យក្មួយៗចៅៗទាំងអស់មានភាពកក់ក្តៅ មានទីពឹងពាក់ និងអ្នកមួយចំនួនបានធ្វើសមាហរណកម្មទៅរស់នៅមូលដ្ឋានវិញ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា សង្គមស្អាតស្អំអាស្រ័យលើប្រជាជនរួមគ្នាធ្វើអំពើល្អ ហើយប្រឆាំងដាច់ខាត នូវអំពើព្រៃផ្សៃ អសីលធម៌ រំលោភបំពាន ពីសំណាក់មនុស្សពាលមួយចំនួន។ ទន្ទឹមនឹងនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឱ្យស្ត្រីគ្រប់រូបត្រូវក្រោកឈររឹងពឹងដោយខ្លួនឯង ត្រូវពង្រឹងសមត្ថភាព រក្សាតម្លៃស្ត្រីខ្មែរ វប្បធម៌ ប្រពៃណី ដើម្បីកសាងគ្រួសារដ៏ល្អក្នុងសង្គម ហើយក៏ត្រូវហ៊ានលាតត្រដាងចំពោះអំពើរំលោភបំពានដើម្បីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធដាក់ទោសទណ្ឌដល់ជនល្មើសឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់ឱ្យស្មើនឹងការឈឺចាប់របស់ជនរងគ្រោះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ឱ្យបន្តខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនាគតភ្លឺស្វាង ជាពិសេសត្រូវរស់នៅដោយគោរពវិន័យរបស់មណ្ឌល ចេះជួយគ្នា និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

ក្មួយៗចៅៗទាំងអស់ មានក្តីរំភើបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ហើយ ក្មួយៗចៅៗទាំងអស់ក៏បានប្ដេជ្ញាថានឹងខិតខំរៀនសូត្រដើម្បីជួយខ្លួនឯងនិងសង្គមជាតិ។

អំណោយដែលផ្តល់ជូនមជ្ឈមណ្ឌលរួមមាន ៖ អង្គរ ៣តោន មីយើង ៥០កេស ត្រីខ ៥កេស ឆៃប៉ូវផ្អែម ៥០គីឡូក្រាម ឆៃប៉ូវប្រៃ ៥០គីឡូក្រាម ត្រីងៀត ១៥គីឡូក្រាម សាច់ក្រក ១៥គីឡូក្រាម ទឹកស៊ីអ៊ីវ ៣០ដប ទឹកត្រី ៣០ដប ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៣០កេស ផ្លែក្រូចឃ្វិច ៥កេស ផ្លែទំពាំងបាយជូ៥កេស ផ្លែប៉ោម ៥កេស កង់ជិះ ២៥ គ្រឿង និងថវិកា ១០លានរៀល ព្រមទាំងរៀបចំម្ហូបអាហារចំនួន១៧តុ។ សម្រាប់កុមារី យុវនារី ៨៩នាក់ ក្នុងម្នាក់ៗទទួលបាន អាវស សំពត់ ២កំប្លេ អាវយឺត អាវក្រណាត់ ២អាវ ខោយឺតជើងកំប៉ុង ២ខោ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ សៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា ១០ម៉ឺនរៀល។ គ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២០ម៉ឺនរៀល។

បន្ថែមពីអំណោយខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ អង្ករ ១តោន ជារៀលរាល់ខែ និងថវិកាចំនួន ១៥លានរៀល រៀងរាល់ឆមាស គិតចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ ព្រមទាំងជួសជុលអគារចំនួន ៣ខ្នង ដោយរួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *