រថយន្តចាងហ្វាងកាសែតថ្ងៃថ្មី ត្រូវរថយន្តទំនើបបុកធ្លាក់ស្នាមភ្លោះរួចបើកគេចខ្លួនបាត់

សៀមរាប៖ រថយន្តរបស់ចាងហ្វាងកាសែតថ្ងៃថ្មី និងជាភ្នាក់ងារទូរទស្សន៍ MSJ TV ត្រូវរថយន្តទំនើបម៉ាកលុចស៊ីស៤៧០ មិនស្គាល់អត្តសញ្ញាណ បុកធ្លាក់ស្នាមភ្លោះ ទៅមុខលែងរួចនិងរងរបួសស្រាលខណៈលោកកំពុងចុះយកព័ត៌មាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

លោក ទីវ សំអុល ភ្នាក់ងារទូរទស្សន៍ MSJ TV និងជាចាងហ្វាង ការសែតថ្ងៃថ្មី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥នេះថា លោកបើករថយន្តតាមផ្លូវម្នាក់ឯងសុខៗ ស្រាប់តែមានរថយន្តម៉ាកលុចស៊ីស៤៧០ មិនស្គាល់អត្តសញ្ញាណ មកបុក ចំពីក្រោយពេញទំហឹងនិងកៀទម្លាក់ស្នាមភ្លោះបណ្តាលលោករងរបួសស្រាល។

ចំណែករថយន្តបង្ករ បានបើកគេចខ្លួនបាត់ លោកបន្តថា ភ្លាមៗនោះលោកបានទំនាក់ទំនង សុំការអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចមូលដ្ឋានដែរ តែចាប់រថយន្តបង្កមិនបាន។លោកបន្ថែមថា ករណីនេះលោកនិងដាក់ពាក្យបណ្តឹងនៅមូលដ្ឋានខាងលើ ដើម្បីទុកការពារខ្លួនរបស់លោក ក្រែងមានមនុស្សចង់ធ្វើបាបលោកដោយប្រការណាមួយនោះ។ក្នុងនោះលោកក៏សូមស្នើឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្ករ មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។

អធិការនគរបាលស្រុកពួក គឺលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥នេះថា ករណីនេះខាងលោកបាន ចុះ ជួយអន្តរាគមន៍និងសហការជាមួយអធិការនគរបាលស្រុកក្រឡាញ់ដែរ តែចាប់មិនបានដោយសារហេតុការណ៍នោះកើត លឿនពេកហើយរថយន្តបង្ករបើកគេចបាត់។

គួរកត់សម្គាល់ផងដែរថា នេះគឺជាករណីទី១នាដើមឆ្នាំ២០១៩ ដែលមានការគំរាមកំហែងដល់អ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប តែមិនបានសម្រេច។

ប្រភពព័ត៌មាន បានបង្ហើមមកថា នៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះមានរថយន្តដឹកឈើប្រណិតនិងឈើលេខ២សម្រុកដឹកចូលក្នុងខេត្តនិងឆ្លងកាត់ជាច្រើនគ្រឿងហើយក្នុងនោះភាគច្រើនជារថយន្តទំនើបអត់ពន្ធ ពាក់ស្លាកលេខ ខ.ម ឯចំពោះសមត្ថកិច្ចជំនាញវិញ ហាក់នៅកំពុងគេង យ៉ាងលក់ស្រួល៕

Leave a Reply

Your email address will not be published. Required fields are marked *