លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញជួបសំណេះសំណាលជាមួយនារីក្រសួង ប្រមាណជាង​ ៤០០នាក់ ក្នុងឱកាសទិវាប្រារព្ធសិទ្ធិនារី ៨មីនា ឆ្នាំ២០១៩

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃពុធ ០១កើត​ ខែផល្គុន ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ នេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយនារីក្រសួង ប្រមាណជាង​ ៤០០នាក់ ក្នុងឱកាសទិវាប្រារព្ធសិទ្ធិនារី ៨មីនា ឆ្នាំ២០១៩ នៅក្រសួងអធិការកិច្ច ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ព ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ៖ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ​ ក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជា​ មិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះ​ នារីក៏ត្រូវបានរំដោះពីសំពាធជាច្រើន​ ហើយមានសមភាព សម្រេចកិច្ចការអ្វីៗ ស្នើនិងបុរស មានសិទ្ធិសេរីភាពពេញលេញ​ ក្នុងការចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា ក៏ដូចជាការចូលរួមក្នុងការងារសង្គមផងដែរ ។

លោកជំទាវក៏បានបន្តទៀតថា ដើម្បីលើកស្ទួយនូវតួនាទីស្ត្រី​ ដែលជាឆ្អឹងខ្នងនៃសដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គមឲ្យមានប្រសិទ្ធភាពនោះ សូមអំពាវនាវដល់អគ្គនាយកដ្ឋានទាំង៣ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបន្ដអនុវត្ដ បង្កើនស្នាដៃ និងសហការឲ្យបានល្អជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ។

ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានជម្រុញ ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ ជួយសម្របសម្រួល ក្នុងការឧបត្ថម្ភដល់ស្ត្រីជាមន្ត្រីរាជការលំហែរមាតុភាព ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់​ ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *