សមត្ថកិច្ចអាជ្ញាធរខណ្ឌដូនពេញ ចាប់ផ្កាយពីរបញ្ជូនទៅស្នងការ ឯកូនចៅស្លៀកពាក់សុីវិល ១០នាក់ រត់គេចខ្លួនបាត់ស្រមោល ពាក់ព័ន្ធការចុះបង្ក្រាបគ្រឿងញៀន យ៉ាងអនាធិបតេយ្យ

ភ្នំពេញ ៖​ សមត្ថកិច្ចអាជ្ញាធរខណ្ឌដូនពេញ មានកម្លាំងប៉ូលិស និងប៉េអឹម បានព័ន្ធចាប់លោកប៉ូលិសឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងកូនចៅស្លៀកពាក់សុីវិលប្រមាណ ១០នាក់ បានរត់ចែកជើងគ្នាអស់ ខណៈពេលចុះទៅបង្ក្រាបគ្រឿងញៀន​ នៅសង្កាត់ស្រះ​ចក​ ដោយមិនបានសហការជាមួយអាជ្ញាធរ​​មូលដ្ឋាន ហើយហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ប៉ូលិសផ្កាយពីរ​ ដែលចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានគេដឹងថា បម្រើការនៅអគ្គស្នងការនគរបាលជាតិ នៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ(ក១)។

ប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយ លោក​ សុខ ពេញវុធ អអភិបាលខណ្ឌដូនពេញ លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌ​ និងលោក​មេប៉េអឹមខណ្ឌ​ដូនពេញ។

ក្រោយឃាត់ខ្លួនក្រុមឧត្តមសេនីយ៍ផ្កាយពីរនេះបាន សមត្ថកិច្ចបានបញ្ជូនខ្លួន​ និងរថយន្តសេរីទំនើប​ គ្មានស្លាកលេខ​ ០១គ្រឿង បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញភ្លាមៗនោះដែរ។

ប្រតិបត្តិការនេះត្រូវបានគេអះអាងមកថា ធ្វើឡើងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលកន្លងមក ប្រជាពលរដ្ឋតែងរងគ្រោះ​ ដោយសារក្រុមនេះជាញឹកញាប់ ក្រុមនេះចុះប្រតិបត្តិការស្លៀកសុីវិល ពិបាកបែងចែក​ រវាងក្រុមចោរ​ ឬសមត្ថកិច្ច ដោយមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃើញតែសកម្មភាពដេញប្រផាប់ចាប់ប្រផីង ចាប់ឆែកហោប៉ៅដកហូតយកទូរស័ព្ទឬកាបូបលុយ​ និងចាប់វៃខ្នោះតាមដងផ្លូវសារធារណៈជាញឹកញាប់​ បង្ករការភ្ញាក់ផ្អើលដល់ពលរដ្ឋធ្វើដំណើរលើដងផ្លូវ។

បើតាមប្រភពពីអ្នកសារព័ត៍មាន បានអោយដឹងថា ក្រុមនេះតែងធ្វើសកម្មភាពពេញក្រុងភ្នំពេញ ជាពិសេសតំបន់ R6 ប្លុកផ្លូវរថភ្លើងបឹងកក់ ជាកន្លែងឃាត់ខ្លួនលោកផ្កាយពីរនេះតែម្តង ហើយក្រុមនេះតែងគំរាមចាប់ អ្នកកាសែត​ បើអ្នកកាសែត ហ៊ានថតសកម្មភាពពួកគេ។

បើតាមប្រភពពីអ្នករងគ្រោះដោយករណីនេះ​ បានអោយដឹងថា ក្រោយចាប់ឃាត់ខ្លួនមនុស្សតាមដងផ្លូវបាន ពួកគេបញ្ជូនទៅដាក់ផ្តុំគ្នាក្នុងរថយន្តស្តារិច​ ០១គ្រឿង ដែលគេចតចោលនៅប្លុកបឹងកក់ផ្លូវស្ងាត់១ ពេលពេញឡាន​ គេបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ។

គួរបញ្ជាក់ផងដែរថា កន្លងមកប្រជាពលរដ្ឋតែងតែរងគ្រោះជាញឹកញាប់​ ដោយសារក្រុមសុីវិលចុះបង្ក្រាបជាលក្ខណៈលាក់លៀមនេះ តែងរអ៊ូរទាំថា មិនដែលបង្ក្រាបអ្នកជួញដូរ ចែកចាយ បានទេ ចាប់តែអ្នកមកទិញយកប្រើប្រាស់ប៉ុណ្ណោះ ហើយចាប់យកទៅពីរបីថ្ងៃ ដោះលែងមកវិញជាថ្ងូរនឹងលាភសក្ការៈ៕

Leave a Reply

Your email address will not be published. Required fields are marked *