ជំរកល្បែងសុីសងដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង​ ដែលបើកលេងជាប្រចាំថ្ងៃ មិនដែលឃើញអាជ្ញាធរ​ មានសមត្ថកិច្ចណាមួយ​ ហ៊ានចុះបង្ក្រាប

បាត់ដំបង​ ៖​ ជំរកល្បែងសុីសងដែលធំជាងគេក្នុងខេត្តបាត់ដំបង ដែលបើកលេងជាប្រចាំ រាល់ថ្ងៃដែលមានទីតាំង នៅតាមបណ្ដោយផ្លូវបេតុង ក្រោយផ្សារភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបើកលេងរៀងរាល់ថ្ងៃ​ ដោយពុំខ្លាចញញើតនឹងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអញ្ចាញ​ សង្កាត់អូរចារ ក្រុងបាត់ដំបង បានឲ្យអ្នកសារព័ត៌មានដឹងថា ទីតាំងខាងលើនេះ គាត់ឃើញបើកលេងជាប្រចាំ រៀងរាល់ថ្ងៃ មិនដែលខានឡើយ ពួកគាត់បានឲ្យដឹងថា នៅក្នុងកន្លែងនោះ មានលេងល្បែងបៀ អាប៉ោង​ និងល្បែងផ្សេងទៀត ហើយមានការចាក់ភ្នាល់លុយ រាប់លានរៀល​ និងរាប់ពាន់ដុល្លារ ជាពិសេសស ល្បែងភ្នាល់ទឹកភ្លៀង​ ដែលភ្នាល់ទឹកលុយ រហូតដល់រាប់ម៉ឺនដុល្លារ។

ពួកគាត់ក៏បានបញ្ជាក់ទៀតថា អ្នកដែលមកលេងកន្លែងនេះ មានទាំងកងកម្លាំង​ ដែលស្លៀកឯកសណ្ឋានស៊ីវិល ហើយជិះឡានដែលមានស្លាកលេខរបស់ក្រសួងស្ថាប័ននីមួយៗ ដូចជាខេមរៈភូមិន្ទ នគរបាល មកលេងផងដែរ។

ពួកគាត់បានបន្តថា បើសមត្ថកិច្ចមកលេងល្បែងទាំងនេះដែរ​ តើមាននរណាមកចុះបង្ក្រាប​ និងបានដាក់ការសង្ស័យថា​ ប្រហែលជាកន្លែងមួយនេះ បានសែនលុយទៅអោយកម្លាំងជំនាញ អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធរួចហើយ ទើបកន្លែងមួយនេះ​ បើកលេងជាអចិន្ត្រៃយ៍ មិនខ្លាចញញើតនឹងការចុះបង្ក្រាប របស់សមត្ថកិច្ចសោះ។

ពួកគាត់បានបន្តទៀតថា រាល់ថ្ងៃនេះ ពួកគាត់ភ័យព្រួយ​ ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រោះតែមានល្បែងស៊ីសងនេះហើយ ទើបបណ្ដាលអោយមានចោរលួច ចោរប្លន់​ ធ្វើឲ្យពួកគាត់ភ័យខ្លាច ហើយពួកគាត់ក៏បានសំនូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង មេត្តាចាត់កម្លាំង ចុះមកពិនិត្យ​ និងបង្ក្រាបទីតាំងលេងល្បែងខាងលើនេះផង និងដើម្បីអោយសមនឹងពាក្យស្លោក ភូមិឃុំ មានសុវត្ថិភាពទាំង 9ចំណុច​ របស់ប្រមុខរាជរដ្ឋាភិបាល ហើយពួកគាត់សង្ឃឹម​ និងជឿជាក់លើ ឯកឧត្តម នាយឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបង​ និងមានវិធានការយ៉ាងម៉ឺងម៉ាត់​ ចំពោះកន្លែងខាងលើនេះផង ៕

Leave a Reply

Your email address will not be published. Required fields are marked *