ឃាត់ខ្លួនយោធាម្នាក់​ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន​ នៅស្រុកអង្គស្នួល

កណ្តាល​ ៖ នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង ២០​ និង១០នាទី ធ្វើការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​ ខេត្តកណ្តាល។

ប្រតិបត្តិការ​ ដែលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលេី​នេះ​ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បូកជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានចូលរួមសហការនឹងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។

វត្ថុតាង​ ដែលសមត្ថកិច្ចដកហូតបានរួមមាន​ ម្សៅក្រាមពណ៌សថ្លា​ សង្ស័យថាសារធាតុញៀនចំនួន​ ០២កញ្ចប់,ទូរស័ព្ទដៃ ០១គ្រឿង,​ អាវុធខ្លី​ ០១ដើម ធន់ឡុុក (ចិន)​ បង់០២ និងគ្រាប់មួយទៀត,​ បង់កាំភ្លើងវែងអឹមសីចំនួន​ ០១ និងគ្រាប់មួយចំនួន​ និងរថយន្ត​ ០១គ្រឿង។

បច្ចុប្បន្ន​ ជនសង្ស័យ​ រួមនឹងវត្ថុតាង​ បានបញ្ជូនទៅមន្ទីរគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *