អភិបាលខេត្តត្បូងឃ្មុំ​ និងលោកជំទាវ​ អញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ​ ក្នុងពិធីចាប់ត្រីបែបធម្មជាតិ​ និងចំអិនបរិភោគជុំគ្នា​ នៅស្រុកមេមត់

ត្បូងឃ្មុំ​ ៖​ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ​ មកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ ជួបជុំចុះចាប់ត្រី និងចំអិនបរិភោគជុំគ្នា​ យ៉ាងសប្បាយរីករាយ​ ក្នុងពិធីចាប់ត្រីបែបធម្មជាតិ នៅបឹងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលសង្កេតឃើញថា មានអ្នកចូលរួមច្រើនជាងឆ្នាំកន្លងទៅ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីនេះឡើង ព្រមទាំងបានសប្បាយរីករាយជួបជុំគ្នានាពេលនេះ។ ហេីយឯកឧត្តមបណ្ឌិត ក៏បង្ហាញពីគម្រោងរៀបចំព្រៃលិចទឹកបន្ថែម និងលែងត្រីបន្ថែមទៀត ដើ​ម្បីឲ្យកន្លែងនេះសំបូរត្រី នៅពេលដែលដល់រដូវបងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្ដចាប់ជុំគ្នាឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត​ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសន្យាថា​ នឹងមកចូលរួមព្រឹត្តិការណ៍ចាប់ត្រី ដែលផ្សារភ្ជាប់រវាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ បានរីករាយជួបជុំគ្នានេះ ជារៀងរាល់ឆ្នាំផងដែរ។

សូមបញ្ជាក់ថា​ ពីធីចាប់ត្រីបែបធម្មជាតិនេះ ត្រូវបានរៀបចំឡើងជាយូរលង់ណាស់មកហើយ ដែលជាកេរដំណែលរបស់ដូនតាបន្សល់ទុក គឺឲ្យតែដល់រដូវប្រាំងដាច់ទឹកភ្លៀង បងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នាប្រារព្ធពិធីចុះចាប់ត្រី តាមបែបធម្មជាតិ ដោយឧបករណ៍បុរាណ៕

Leave a Reply

Your email address will not be published. Required fields are marked *