តេីករណីឃាតកម្មទៅលេីអ្នកកាសែត​ មានជនសង្ស័យប៉ុន្មាននាក់​ ?

ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់អ្នកកាសែតម្នាក់ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

មន្ដ្រីនគរបាលបានប្រាប់អង្គភាពសារព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ជនសង្ស័យ វ៉ន វិញ អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យរូបនោះ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួន និងបក្ខពួក៣នាក់ទៀតរួមមាន៖
-ទី១៖ ឈ្មោះ លឹម សុខគង់ អាយុ២១ឆ្នាំ រស់នៅភូមិដង្កោ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រត់គេចខ្លួនបាត់
-ទី២៖ ឈ្មោះ រឹត សីហា អាយុ២១ឆ្នាំ រត់គេចខ្លួន រស់នៅគីឡូម៉ែត្រ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ រដ្ឋា អាយុប្រហែល១៧ឆ្នាំ។

ជនសង្ស័យបានឆ្លើយទៀតថា មុនពេលកើតហេតុ រូបគេផ្ទាល់ជិះម៉ូតូ១គ្រឿងគ្នា៣នាក់ បានធ្វើសកម្មភាពមកស្ទាក់វាយជនរងគ្រោះ។ ពេលនោះឈ្មោះ រឹត សីហា និងឈ្មោះ លឹម សុខគង់ ជាអ្នកយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូតែម្ដង។

ពេលធ្វើសកម្មភាពរួច ខ្លួនបានទាក់ទងឈ្មោះ រដ្ឋា អាយុប្រហែល១៧ឆ្នាំ មកឌុបឈ្មោះ រឹត សីហា ចំណែកខ្លួនជិះម៉ូតូជាមួយឈ្មោះ លឹម សុខគង់ មកផ្ទះវិញ លុះដល់ស្អែកឡើងទើបដឹងថា ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធិ ស្លាប់។ បើតាមមន្រ្តីនគរបាល ការសម្លាប់ជនរងគ្រោះ អាចបណ្តាលមកពីរឿងគំនុំ។

សូមបញ្ជាក់ថា នៅវេលាម៉ោង២២៖៣នាទី យប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធិ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មុខរបរជាអ្នកកាសែត បម្រើការងារនៅអង្គភាពបាត់ដំបងប៉ុស្តិ៍ ត្រូវជនសង្ស័យស្ទាក់ផ្លូវវាយ និងគប់នៅចំណុចផ្លូវបំបែក៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ កំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីសួរនាំកសាងសំណុំរឿង ទៅការិយាល័យជំនាញសួរនាំបន្ដ៕

Leave a Reply

Your email address will not be published. Required fields are marked *