ទប់​ទឹក​ភ្នែក​មិន​បាន​ពេល​ជួប​ជុំ​ បង-ប្អូន​ មីង​ ក្មួយ​ ក្រោយ​បែក​គ្នា​ ៤៤ឆ្នាំ​ ដោយ​សារ​សង្គ្រាម

សៀមរាប៖ ក្តីសង្ឃឹមនៃការទន្ទឹងរង់ចាំអស់រយៈពេល ៤៤ឆ្នាំ​ បានក្លាយជាការពិតហើយ​ ដែលនេះជាករណី​ជួបជុំគ្រួសារឡើងវិញក្រោយ​ការនិរាសព្រាត់ប្រាស​ដោយសារសង្គ្រាម​ស៊ីវិល​ពីអតីត​កាល​ ក្នុងវ័យ​ ១៣ឆ្នាំ​ និងបងប្រុសដែលមានអាយុ​ ៣២ឆ្នាំ​ ក្នុងឆ្នាំ១៩៧៣។

ដោយមានការជួយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន នៅថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ លោកស្រី​ វង​ ហ៊ាង​ អាយុ​ ៥៧ឆ្នាំ​ រស់នៅ​ភូមិច្រោក​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ​​ បានជួបជុំជាមួយបងប្រុសបង្កើតឈ្មោះ​ វង​ ណាប់​ អាយុ​ ៧៦ឆ្នាំ​ បងថ្លៃស្រី​ពីរនាក់ និងក្មួយស្រី​ម្នាក់ ដែល​កំពុងរស់នៅភូមិកាទូ​ ឃុំដានរុន​ ស្រុកសូត្រនិគម​ ខេត្តសៀមរាប។

ការព្រាត់ប្រាសគ្នាអស់រយៈពេលជាច្រើនឆ្នាំដោយមិនដឹងដំណឹងថានៅទីណា​ ស្លាប់ឬរស់​ និងក្តីសង្ឃឹមថារកឃើញមានតិចតួចបំផុត​ ហើយស្រាប់តែបានជួបគ្នាវិញក្នុងជីវិតវ័យចុងក្រោយ​ បានធ្វើឱ្យសាច់ញាតិជាទីស្រឡាញ់​របស់បង​ ប្អូន​ មីង​ ក្មួយ​ ចំនួន​ ៥នាក់ រំភើបក្តុកក្តួលរហូតបង្ហូរទឹកភ្នែក​ដាក់គ្នា ដែលស្តែងចេញពីអារម្មណ៍រកអ្វីប្រៀបផ្ទឹមពុំបាន​ និងមិនធ្លាប់មានពីមុនមក​ ព្រមទាំងដឹងគុណជានិច្ចចំពោះកាកបាទក្រហមកម្ពុជា​។

ជាកាដូ​សម្រាប់ការជួបជុំគ្នានៃគ្រួសារដែលបានជីវភាពលំបាកមួយនេះ​ កាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់រួមមាន​ ៖​ អង្ករ​ មី​ ត្រី​ខ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាមួយចំនួន​។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា​ មានសេវាកម្មស្រាវជ្រាវរកគ្រួសារ​ដោយឥតតិតថ្លៃ​ ផ្តល់ក្តីសង្ឃឹម​ និងជួយបង-ប្អូន​ ដែលបែកបាក់​ ព្រាត់ប្រាសគ្នា​ ដោយសារសង្គ្រាម​ ឱ្យបានជួបជុំ​គ្នា​ឡើង​វិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *