អភិបាលខេត្តព្រះវិហារ​ និងអភិបាលខេត្តអ៊ូប៊ុន​ ចុះត្រួតពិនិត្យ និងរៀបចំសោភ័ណភាពមាត់ច្រកទ្វារអានសេះ​ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ

ព្រះវិហារ​ ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចម្រុះ ជួបជាមួយអភិបាលខេត្តអ៊ូប៊ុន របស់ថៃ​ ចុះត្រួតពិនិត្យ និងរៀបចំសោភ័ណភាពមាត់ច្រកទ្វារអានសេះ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។

នៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩​ កន្លងទៅថ្មីៗនេះ លោក អ៊ុន ចាន់ដា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រមុខរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាបើកច្រកអន្តរជាតិ នៅតាមព្រំដែនចំនួន​ ០៤ទៀត នៅក្នុងឆ្នាំ២០១៩នេះ ក្នុងនោះមានច្រកអានសេះរបស់យើងផងដែរ​ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ បានលើកឡើងទៀតថា មុននឹងដំណើរការច្រកអានសេះ ជាច្រកអន្តរជាតិនោះ ទាំងភាគីកម្ពុជា និងភាគីថៃ កំពុងតែយកចិត្តទុកដាក់រៀបចំសោភ័ណភាព មាត់ច្រកទាំងសងខាង​ ឲ្យបានសមរម្យ។ ដូច្នេះជំនួបរវាងអភិបាលខេត្តព្រះវិហាររបស់កម្ពុជា និងអភិបាលខេត្តអ៊ូប៊ុន របស់ថៃ នៅព្រឹកនេះ ក្រៅពីការចុះពិនិត្យមើលការរៀបចំ នៅមាត់ច្រកអានសេះ ក៏មានការជជែកពិភាក្សាគ្នា​ រកដំណោះស្រាយផងដែរ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗ៕

Leave a Reply

Your email address will not be published. Required fields are marked *