ជនពិការ​ភ្នែក​ទាំង​សង​ខាង​បាន​ទទួល​អំណោយ​មនុស្ស​ធម៌ ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្ត​សៀម​រាប

ខេត្តសៀមរាប៖នៅព្រឹកទី ២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនដល់លោក ឃឹម នភាល័យ អាយុ ៣៩ឆ្នាំ ពិការភ្នែកទាំងសងខាង (ដោយសារជំងឺកញ្ជ្រឹលតាំងពីអាយុ៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម) បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប មានមុខរបរជាអ្នកចម្រៀងតាមហាង នៅក្នុងក្រុងសៀមរាប ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃចិញ្ចឹមជីវិត ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូនប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

លោកជំទាវបញ្ជាក់ទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅកណ្ដោចកណ្ដែង និងស្លាប់ដោយអត់អាហារ និង ខ្វះទីជំរកនោះឡើយ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ អង្ករ៥០គឺឡូក្រាម មី១កេស ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា ៦២ម៉ឺនរៀលផងដែរ (ក្នុងនោះ -ថវិកាសាខា ៤០ម៉ឺនរៀល -លោក សូរ ប្លាតុង ប្រធាគណៈកម្មាធិការអនុសាខាកាកបាទក្រហកម្ពុជា ក្រុងសៀមរាប ថវិកា ១០ម៉ឺនរៀល -លោកស្រី ធីវ រួន ប្រធានក្រុមកាកបាទក្រហមកម្ពុជា ឃុំស្រង៉ែ ថវិកា ១២ម៉ឺនរៀល) ៕

Leave a Reply

Your email address will not be published. Required fields are marked *