ខ្ចីកង់​ និងទូរស័ព្ទ​ ថាយកទៅបេីកលុយ​ បែរជាយកទៅលក់ចាយអស់​

ភ្នំពេញ​ ៖​ នៅថ្ងៃទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីកង់ និងទូរសព្ទដៃយកទៅលក់) នៅចំណុចក្នុងហ្គ្រេនភ្នំពេញ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ​ ០១នាក់ ។

ជនសង្ស័យ ០១នាក់ ឈ្មោះ សន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដែក ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ជនរងគ្រោះ ០១នាក់ ឈ្មោះ ផុន សុភា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករថែសួន​ ក្នុងហ្គ្រេនភ្នំពេញ ស្នាក់នៅផ្ទះជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មុនពេលកើតហេតុ ថ្ងៃទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី ជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅធ្វើការ​ នៅចំណុចកើតហេតុខាងលើ ស្រាប់ជនសង្ស័យខាងលើ​ ដែលជាមនុស្សស្គាល់គ្នាជាមួយជនរងគ្រោះ បានដើរមកខ្ចីកង់ និងទូរស័ព្ទដៃ ពីជនរងគ្រោះ ដោយប្រាប់ថា​ ទៅបើកលុយ បន្ទាប់មកជនរងគ្រោះ​ បានប្រគល់កង់​ និងទុរស័ព្ទដៃ​ ទៅឲ្យជនសង្ស័យខ្ចី ។ ក្រោយពីបានកង់​ និងទូរស័ព្ទដៃ ជនសង្ស័យខាងលើ បានជិះយកទៅលក់ឲ្យមនុស្សប្រុស​ ០១នាក់ មិនស្គាល់ភិនភាគ នៅម្តុំផ្សារឯករាជ្យ២ សង្កាត់ចោមចៅ បានលុយ៣០ដុល្លា រួចជនសង្ស័យ​ បានទៅចាយអស់លុយ លុះដល់ម៉ោង​ ១៩ និង៣០នាទី ថ្ងៃទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញជនសង្ស័យ​ កំពុងដើរតាមផ្លូវបេតុង ក្នុងហ្គ្រេនភ្នំពេញ ក៏បានធ្វើការនាំខ្លួនជនសង្ស័យ​ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ​ ធ្វើការសាកសួរ​ រួចជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

សម្ភារៈបាត់បង់រួមមាន ទូរស័ព្ទដៃ​ ០១គ្រឿង ម៉ាកអាយហ្វូន និងកង់​ ០១គ្រឿង ពណ៌ទឹកប្រាក់​ (របស់ជនរងគ្រោះ) ។​ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន​ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *