ពិធីយុទ្ធនាការរឹតបន្តឹង​ ការពាក់មួកសុវត្ថិភាព​ ក្រោមអធិបតីភាព​ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី​

ខេត្តរតនគិរី​ ៖​ នៅថ្ងៃទី៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី​ បានមានប្រសាសន៍ថា​ “កត្តាមនុស្ស​ កត្តាមធ្យោបាយ គ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ​ កត្តាសំខាន់ដែលអាចជៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះ​ គឺខ្លួនយើង​” ថ្លែងក្នុងពិធីយុទ្ធនាការរឹតបន្តឹង​ ការពាក់មួកសុវត្ថិភាព​ ដែលរៀបចំឡើង​ ដោយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងមន្ទីរសាធារណៈការ​ និងដឹកជញ្ជូនខេត្ត សហការជាមួយមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ដែលបានប្រារព្ធ​ឡេីង​ នៅតាមបណ្តោយជាតិលេខ៧៨​ ​ត្រង់ចំណុចរង្វង់មូលទីរួមក្រុងបានលុង​ ខេត្តរតនគិរី។

ឯកឧត្តមបន្តថា ស្ថានការទូទៅនៅកម្ពុជា កាន់តែវិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ ស្ថិរភាព សន្តិសុខសង្គម និងសុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈ កាន់តែត្រូវបានធានាយ៉ាងរឹងមាំ ភាពរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែល្អប្រសើរ​ បានធ្វើឲ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ បានកើនឡើងយ៉ាងគំហុក នាប៉ុន្មានឆ្នាំថ្មីៗនេះ​ ទន្ទឹមនឹងនេះ​ គ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយគួរឲ្យព្រួយបារម្ភ ។

ឯកឧត្តម តំណាងរាស្រ្តបញ្ជាក់ថា​ ក្នុងពេលកន្លងមកនេះ បញ្ហាគ្រោះថ្នាក់ចរារចរណ៍ បានបណ្ដាលឲ្យបាត់បង់អាយុជីវិត​ រងរបួស និងខាតបង់ទ្រព្យសម្បត្តិ មិនត្រឹមតែជាការបាត់បង់ទ្រព្យសម្បត្តិបងប្អូន និងក្រុមគ្រួសារផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ​ ដល់គោលនយោបាយ​ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ។

ឯកឧត្តម តំណាងរាស្ត្រ​ បានធ្វើការអំពាវនាវផងដែរ ដល់គ្រប់អាជ្ញាធរ គ្រប់ក្រុង-ស្រុកទាំងអស់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់​ ក្នុងខេត្តរតនគិរីទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ត្រូវសហការគ្នាឲ្យ សស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តច្បាប់​ និងបទប្បញ្ញត្តិច្បាប់ចរាចរណ៍នានា សំដៅប្រែក្លាយផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជា​ ឲ្យទៅជាប្រទេសមួយ មានសុវត្ថិភាពចរាចរណ៍ ដ៏គួរឲ្យកក់ក្តៅរបស់យើង ។

សូមបញ្ចាក់ផងដែរថា​ ក្នុងយុទ្ធនាការនេះ​ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់​ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក​ ក៏មានការចែកជូននូវសម្ភារៈមួយចំនួនដូចជា​ មួកសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ សៀវភៅដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ខិតប័ណ្ណជំនួយស្មារតី​ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាតផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *