ធ្វើសកម្មភាពលួចម៉ូតូ មិនទាន់បានសម្រេចផង​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន​ ០២នាក់

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​ ០២នាក់​ ធ្វើសកម្មភាពលួចម៉ូតូ​ មិនទាន់បានសម្រេចផង​ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ០៤និង២០នាទី​ ទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចទល់មុខផ្ទះសំណាក់ខេង ធី ផ្លូវបេតុង បន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង​ ០២នាក់នោះរួមមាន​ ៖
-ទី១.ឈ្មោះ ហេង សារិន ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ មុខរបរដេរស្បែកជើង ស្នាក់នៅចំណុចបន្ទប់ផ្ទះជួល​ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
-ទី២.ឈ្មោះ សុខ ម៉ៅ អាយុ​ ២៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុ​ យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានទុកម៉ូតូម៉ាក Fz ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BZ-4191 ក្នុងរបងមុខបន្ទប់ជួល ដោយបានចាក់សោរបូមខាងមុខ មិនបានចាក់សោរទ្វាររបងទេ រួចក៏ចូលក្នុងបន្ទប់ដេក រហូតដល់ម៉ោង៤ ទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក៏មានជនសង្ស័យ ០២នាក់​ ចូលមកធ្វើសកម្មភាពលួចម៉ូតូ​ ដោយជនសង្ស័យម្នាក់​ ជាអ្នកធ្វើសកម្មភាព​ និងម្នាក់ទៀត​ យាមផ្លូវខាងក្រៅ ស្រាប់តែចៃដន្យកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ល្បាតក្នុងភូមិសាស្ត្រ​ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ​ ក៏ប្រទះឃើញជនសង្ស័យ​ ក៏ឃាត់ខ្លួនសួរនាំ បន្ទាប់មកទើបដឹងថា ជនសង្ស័យទាំង​ ០២នាក់​ កំពុងធ្វើសកម្មភាពលួចម៉ូតូ​ ក៏ឃាត់ខ្លួនយកមកប៉ុស្ដិ៍​ ដើម្បីសួរនាំតែម្ដង ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ម៉ូតូចំនួន​ ០២គ្រឿង ,ទូរស័ព្ទដៃ​ ០១គ្រឿង , ដែកលួសសម្រាប់ឆ្កឹះសោរចំនួន​ ០១ ។

ក្រោយពេលសួរនាំរួចមក​ សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង​ ០២នាក់​ ទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវីធី ៕

Leave a Reply

Your email address will not be published. Required fields are marked *