អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជនជាតិ​ចិន​ បុក​ចោរ​ស្លាប់​ ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ប៉េហ្ស៊ី​ រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត

ភ្នំពេញ​៖​លោក​ អ៊ី​ រិន្ទ​ ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​ថា​ លោក​ ធាម​ ច័ន្ទ​ពិសិទ្ធ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ជនជាតិ​ចិន​ដែល​បើក​រថយន្ត​បំបុក​បណ្តាល​ឱ្យ​ចោរ​ឆក់​ទូរស័ព្ទ​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​ ក្នុង​ពន្ធនាគារ​រាជធានីភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត​ ។

ប៉ុន្តែ​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ បង្ហើប​ប្រាប់​ថា​ កញ្ញា​ វ៉ា​ សក្តា​ ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ស្ត្រី​ជនជាតិ​ចិន​រូប​នេះ​ចំនួន​៣បទល្មើស​ គឺ​ បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​ តាម​មាត្រា​២១៨​ និង​ មាត្រា​​២២៤នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ បទ​បើកបរ​គ្មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ​ តាម​មាត្រា​៧៥​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ ។

បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។

បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​ តាម​មាត្រា​២២៤នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៧ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។

ដោយ​ឡែក​បទល្មើស​បើក​បរ​គ្មាន​ប័ណ្ណ​បើកបរ​ កំណត់​ការ​ពិន័យ​ជា​ប្រាក់​ពី​១០ម៉ឺន​រៀល​ទៅ​៨០ម៉ឺន​រៀល​។

គួរ​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ទី​១២​ ខែ​សីហា​ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤​ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។

ស្ត្រី​ជនជាតិ​ចិន​មាន​ឈ្មោះ​ ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែក​ចោរ​ឆក់​ទូរស័ព្ទ​ដែល​ស្លាប់​មាន​ឈ្មោះ​ បេ សុភាដេវីត ភេទ ប្រុស អាយុ២៤ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន​ និង​ អ្នក​របួស​ធ្ងន់​ឈ្មោះ​ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៥០ ផ្លូវ​លេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌ​ចំការមន​ ៕

Leave a Reply

Your email address will not be published. Required fields are marked *