លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អំពាវនាវអោយពើរដ្ឋប្រុងប្រយ័ត្ន  ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​វដ្ដ នៃ ជំងឺគ្រុនឈាម

ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង និង ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​សំណូមពរ​ដល់​សាធារណជន​អំពី​ជំងឺ គ្រុនឈាម ថា  ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​វដ្ដ នៃ ជំងឺគ្រុនឈាម ផង ហើយ​បច្ចុប្បន ជា​រដូវភ្លៀង​ធ្លាក់​ផង ដូច្នេះ នៅពេលដែល​ឃើញ​មាន​អ្នក​កើត​ជំងឺ​គ្រុនក្តៅ​ច្រើន​លើស​ប្រក្រតី សូមកុំ​រង់ចាំ​លទ្ធផល នៃ ការធ្វើ​តេស​រោគវិនិច្ឆ័យ​ឡើយ ត្រូវ​ប្រញាប់​រាយការណ៍​ជាបន្ទាន់​ទៅ​មន្ត្រី​សុខាភិបាល​ក្នុង​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ តាម​ទូរស័ព្ទ​លេខ ១១៥ ដើម្បី ចាត់វិធានការ​ព្យាបាល និង ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា  ។

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​បន្ថែមថា សម្រាប់​ដើមឆ្នាំ ២០១៨ នេះ ត្រូវបាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង រកឃើញថា មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​នូវ​ជំងឺគ្រុនឈាម គិត​ជាម​ធ្យ​ប្រមាណ​ជា ៥០០ ករណី​ក្នុង ១ សប្តាហ៍ ។ ទោះយ៉ាងណា​ចំនួន​នេះ ស្ថិតក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​នៅឡើយ ពោលគឺ​ពុំទាន់​ដល់​កម្រិត​ផ្ទុះឡើង ឬ ដំណាក់កាល​ប្រកាសអាសន្ន​នៅឡើយ ហើយក៏​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​នៅឡើយ​ដែរ ។​

​រោគសញ្ញា នៃ ជំងឺគ្រុនឈាម មាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​ជំងឺ​គ្រុនផ្តាសាយ​ធំ​ដែរ ហើយ​វា​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​។ ប្រសិនបើ​បុគ្គល​ណា​ម្នាក់ មាន​អាក្កា​រៈ ក្តៅខ្លួន ២ ថ្ងៃ​ជាប់​គ្នា គប្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ គឺ​កុំ​ចាំ​រហូតដល់​មាន​លទ្ធផល​ពី​ការធ្វើ​តេស្ត​រក​មេរោគ​ឡើយ ។ ម្យ៉ាង​ទៀតសោត គេ​គួរតែមាន​ការសង្ស័យថា​កើត​ជំងឺគ្រុនឈាម​កាលណា​អ្នកជំងឺ​មាន​អាការ​ក្តៅខ្លួន​ខ្លាំង លើសពី ៣៨,៥ អង្សា​សេ ឈឺក្បាល​ខ្លាំង ឈឺ​នៅក្រោយ​រង្វង់​គ្រាប់ភ្នែក ឈឺ​សាច់ដុំ​និង​សន្លាក់ ចង្អោរ ក្អួត មាន​ស្នាម​កន្ទួល​លើ​ស្បែក ។

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បានបញ្ជាក់​ឱ្យ​ស្វែងរក​ការ​ព្យ​បាល​ជាបន្ទាន់ នៅពេលដែល​អ្នកជំងឺ​សន្លឹម មិន​ឃ្លាន​អាហារ ក្អួត​ខ្លាំង ឈឺ​ពេញ​ក្នុង​ពោះ​ខ្លាំង ឡេះឡះ ហូរឈាម មិន​នោម ៤ – ៦ ម៉ោង គឺជា​សញ្ញា ថា អ្នកជំងឺ​គ្រុនឈាម រូបនោះ​ធ្លាក់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ ។ ដូច្នេះ​ត្រូវ​ប្រញាប់​ទៅរក​ការសង្គ្រោះ​ជាបន្ទាន់ ព្រោះថា ប្រសិនបើ​ទៅរក​ពេទ្យ​មិនទាន់​ពេលវេលា​ទេនោះ អ្នកជំងឺ​អាច​បាត់​បង់ជីវិត​ក្នុង​កម្រិត​ខ្ពស់ ។

​ការបង្ការ​ជំងឺគ្រុនឈាម គឺ​ធ្វើយ៉ាងណា​កុំឱ្យ សត្វ​មូស​ខ្លា​ញី ខាំ ហេតុនេះ​ត្រូវ​លុបបំបាត់​ជម្រក​មូស​ពង ដែល​អាច​បង្កើតជា​ដង្កូវ​ទឹក ដូចជា​ដាក់​ថ្នាំ​អា​បេ​ត​ក្នុង​ពាងទឹក ជម្រះ​ព្រៃ​ជុំវិញ​ផ្ទះ កុំឱ្យ​មាន​សំបក​កង់ឡាន និង សំបក​កំប៉ុង​ចាស់ៗ ប្រើ​ថ្នាំ​បាញ់សម្លាប់​សត្វ​មូស ទទួលទានដំណេក​ក្នុង​មុខ ប្រើ​ថ្នាំលាប​ការពារ​កុំ​ឲ្យ​មូស​ខាំ ស្លៀកពាក់​ខោអាវ​វែងៗ និង​ប្រាប់​កុមារ កុំឱ្យ លេង​នៅ​ទីកន្លែង​ងងឹត​ដែល​សំបូរ​សត្វ​មូស ជាដើម ។


​ថ្មីៗ​នេះ ក្រសួងសុខាភិបាល​មន្ត្រី​ក្រោម​ឱវាទ បាន និង កំពុងបើក​យុទ្ធនា​ការដាក់​ថ្នាំ​អា​បេ​ត និង អប់រំ​ប្រជាពលរដ្ឋ​អំពី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *