មេឧក្រិដ្ឋកម្មឈើ ក្រញូងឆ្លងដែន ឈ្មោះ ស្រេង ប្រណី ប៉ុនប៉ងមនុស្សឃាត មកលើអ្នកការសែត ៥រូប នៅពេលចុះថតផ្ដិតយក សកម្មភាពបទល្មើស តែមិនបានសម្រេច

ខេត្តឧត្ដរមានជ័យ៖ អ្នកការសែត៥រូប មកពីស្ថាប័នផ្សេងគ្នា នៅវេលាម៉ោងបួនទាបភ្លឺ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ  ត្រូវបាន មេឧក្រិដ្ឋកម្មឈើ ក្រញូង ឆ្លងដែន ឈ្មោះ ស្រេង ប្រណី ដែលបានល្បីឈ្មោះរន្ទឺ នៅទឹសទី២សមរភូមិមុខ ខេត្តឧត្ដរមានជ័យ ជិត១០ឆ្នាំ សព្វថ្ងៃ នេះកំពុងតែល្បីឈ្មោះនៅទឹសទី១ សមរភូមិមុខខេត្តព្រះវិហារ បានប៉ុនប៉ងធ្វើឃាត មកលើអ្នកការសែតមិន បានសម្រេច នៅគ្រាដែលអ្នកការសែត ទាំង៥រូបនោះ ចុះទៅថតផ្ដិតយករូបភាព និងសកម្មភាព រថយន្ដបែកកង់ដឹកឈើក្រញូងពេញប្រៀប របស់មេឈ្មួញឈ្មោះ ស្រេង ប្រណី។

ហេតុការណ៍នេះ បានកើតឡើងនៅពេល ក្រុមអ្នកសារព័ត៍មានខាងលើ ចុះទៅថតផ្ដិតយករូបភាព សកម្មភាពរថយន្ដដឹកឈើក្រញូង ពេញប្រៀប បែកកង់កណ្ដាលផ្លូវ មួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភព២R ២៣៨៤  នៅវេលាម៉ោងបួនទាបភ្លឺ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រោយពីមេឈ្មួញឈើក្រញូង ឈ្មោះ ស្រេង ប្រណី បាន ធ្វើសកម្មភាព ប៉ុនប៉ងធ្វើឃាត មកលើអ្នកការសែតទាំង៥រូប ខាងលើដោយ បើករថយន្ដម៉ាកកាមរីបាឡែន បំបុកមកលើអ្នកការសែត បណ្ដាលអោយរថយន្ដអ្នកកាសែត ចំនួនពីគ្រឿង រងការខូចខាតយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ក្រោយពីបង្ករហេតុ មេឧក្រិដ្ឋកម្មឈើឆ្លងដែន ឈ្មោះ ស្រេង ប្រណី បានបើករថយន្ដគេចខ្លួនបាត់ស្រមោលដោយសុវត្ថភាព។

បើតាមសមត្ថកិច្ច ខេត្តព្រះវិហារ បានអោយដឹងថា នៅយប់ថ្ងៃកើតហេតុ ឈ្មោះ ស្រេង ប្រណី បាននាំក្បួនរថយន្ដដឹកឈើក្រញូងរបស់ខ្លួនចេញពី ភូមិស្រអែម ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្ត រតនះគីរី ដែលជាខេត្តគោលដៅ និងដឹកជញ្ជូនឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអូយ៉ាដាវ។

គួរបញ្ជាក់ផងដែរថា ឈ្មោះ ស្រេង ប្រណី ដែល ជាថៅកែឈើក្រញូង ជាង១០ឆ្នាំមកនេះ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបនោះ ជាម្ចាស់ យានដ្ឋាន តូតាល់ហ្គាស់ នៅភូមិ ចុងកៅស៊ូរ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕ ប៉ែន នួន

Leave a Reply

Your email address will not be published. Required fields are marked *