សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ កំពុងតែមានសកម្មភាព ដោយដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកអន្តរជាតិទ្វេរភាគី ដាក់ដាំ ពុំមានមន្រ្តីជំនាញ សមត្ថកិច្ចចុះបង្រ្កាបឡើយ

ខេត្តមណ្ឌលគិរី៖ ការចរាចរណ៍បទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិទ្វេរភាគីដាក់ដាំ ខេត្តមណ្ឌលគិរី ដែលគ្រប់គ្រងដោយ លោក សៀក មុន្នី ជាប្រធានច្រក និងជាអភិបាលរងស្រុកអូររាំង ព្រមទាំងលោក យូ សុធា ជាមន្រ្តីនគរបាល នៃស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ច និងមន្រ្តីជំនាញកំពុងរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋថា មិនមានចំណាត់ការចុះបង្រ្កាប ដោយសារបានទទួលផលប្រយោជន៍ពីក្រុមអ្នករកស៉ីបទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់។

ពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីបានសំដែងនៅការខកចិត្តយ៉ាងខ្លាំងមកលើសមត្ថកិច្ច និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ដែលបើកភ្លើងខៀវឱ្យមានបទល្មើសនេះកើតឡើង ហើយជារៀងរាល់យប់គេឃើញសកម្មភាពកាដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកខាងលើជារៀងរាល់យប់តែម្តងដោយដឹកឆ្លងកាត់តាមមុខស្នាក់ការវរៈការពារព្រំដែនលេខ៦២១ដែលគ្រប់គ្រងដោយលោក ឡេង សោភ័ណ្ឌ។

បើតាមប្រភពប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកយកព័ត៌មានអោយបានដឹងថា ជារៀងរាល់យប់ចាប់ពីម៉ោង១២ រហូតដល់ម៉ោង៤ទៀបភ្លឺពួកគាត់តែងតែឃើញមានឡានដឹកឈើប្រភេទឡង់គ្រីស័រ លុចស៊ីស សាំយុង ដឹកឈើពេញព្រៀប យកទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់មុខវរៈការពារព្រំ
ដែន៦២១ដែលគ្រប់គ្រងដោយលោកឡេង សោភ័ណ្ឌ មិនដែលបង្ក្រាបនោះទេមានតែចាំមើលផ្លូវអោយពួកឈ្មួញដែលដឹកបទល្មើសទៅវិញ។

ប្រជាពលរដ្ឋសំណូមពរដល់ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមមានចំណាត់ការបង្រ្កាបបទល្មើសនេះផង បើមិនដូច្នោះ
ការចរាចរណ៍បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនៅតែបន្តសកម្មភាពនេះបន្តទៅទៀត ពីព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចមួយចំនួនកំពុងតែឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធជាមួយអ្នករកស៉ីបទល្មើសទៅហើយ ហេតុដូចនេះទើបមិនមានចំណាត់ការបង្រ្កាប៕

Leave a Reply

Your email address will not be published. Required fields are marked *