​យោធា​ថៃ​និយាយថា ខ្លួន​ត្រៀម​ផ្តល់​អាហារ​រាប់​ខែ​ និងត្រូវ​បង្រៀនក្មេងទាំងនោះ ​ឲ្យ​ចេះមុជទឹក​ជ្រៅ​ ដើម្បី​អាច​ហែល​ឆ្លង​ ចេញរួច​ពី​រូងភ្នំ​ដែល​ពួកគេ​កំពុង​ជាប់​នោះ​

ប្រទេសថៃ៖ ជំនួយ​អាហារ​និង​ថ្នាំពេទ្យ​បាន​ទៅដល់​ក្មេង​ទាំង​១២​និង​និង​គ្រូ​បាល់ទាត់​ម្នាក់​របស់​ពួកគេ បន្ទាប់ពី​ការរកឃើញ​ពួកគេ​កាលបី​យប់​ថ្ងៃ​ចន្ទ នៅ​ជ្រៅ​ក្នុង​រូងភ្នំ​ដែល​ជន់​លិច​​មួយ​ក្រោយ​បាត់​ខ្លួន​៩-១០​ថ្ងៃ​។​ការងារ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៣​កក្កដា​នេះ​ទៅ ផ្តោតលើ​វិធី​នាំ​ពួកគេ​ចេញពី​រូង​ដោយ​សុវត្ថិភាព​។​

​យោធា​ថៃ​បាន​និយាយថា ខ្លួន​ត្រៀម​ផ្តល់​អាហារ​រាប់​ខែ​និង​មេរៀន​មុជទឹក​ដល់​កុមារា​ទាំងនេះ ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ចម្ងាយ​រាប់គីឡូម៉ែត្រ​ពី​មាត់​ល្អាង​ថាំ​លួង​នៅ​ខេត្ត​​ឈៀង​រ៉ៃ​ភាគ​ខាងជើង​ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​និង​ឡាវ​។​

​នាយ​ទាហានជើងទឹក​លោក អាណាន់ ស៊ូ​រ៉ា​វ៉ាន់ បាន​និយាយថា “​យើង​នឹង​ត្រៀម​បញ្ជូន​អាហារ​បន្ថែម​សំរាប់​យ៉ាងតិច​៤​ខែ​និង​បង្ហាត់​ជនរងគ្រោះ​ទាំង​១៣​នាក់​អោយ​មុជ​​ទឹក​ក្នុងពេល​មានការ​ខិតខំ​បូមទឹក​ចេញ​ផងដែរ​”​។​

​ការរកឃើញ​ពួកគេ​នៅរស់​បាន​បង្ក​ការសប្បាយរីករាយ​ទូទាំងប្រទេស​ថៃ​និង​ពិភពលោក​ផងដែរ ។​អភិបាលខេត្ត​ឈៀង​រ៉ៃបាន​ហៅ​បេសកកម្ម​នេះ​ថា​”​មិនអាច​ធ្វើកើត​”​ដោយសារតែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​…​តែ​យើង​ជម្នះ​ធម្មជាតិ​ជាមួយ​ការតាំង​ចិត្ត​និង​គ្រឿង​បរិក្ខារ​”​។​

​អភិបាលខេត្ត​ឈៀង​រ៉ៃបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែកក្កដា​នេះ​ថា​ក្មេងប្រុស​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់​ដែល​បាន​រកឃើញ​មានជីវិត​បន្ទាប់ពី​បាត់​ខ្លួន​រយៈពេល ១០ថ្ងៃ​មកហើយ​នោះ​ស្ថិតក្នុង​រូងភ្នំ​នៅឡើយ​ទេ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​មិនអាច​បញ្ជូន​កុមារ​ទាំងនោះ​ចេញមកក្រៅ​បាន​ភ្លាមៗ​នោះទេ ព្រោះ​ស្ថានភាព​ទឹក​ក្នុង​រូងភ្នំ​ជ្រៅ​ពេក ដោយ​ត្រូវការ​រយៈពេល​រាប់​ខែ​ឯណោះ​។ ក្រៅពី​ទទួល​អាហារ​បំប៉ន ក្មេងៗ​ទាំងនោះ​ក៏ត្រូវ​បង្រៀន​ឲ្យ​មុជទឹក​ជ្រៅ​ដើម្បី​អាច​ហែល​ឆ្លង​ចេញរួច​ពី​រូងភ្នំ​ដែល​ពួកគេ​កំពុង​ជាប់​នោះ​ផងដែរ​។

លោក​អភិបាលខេត្ត​ឈៀង​រ៉ៃ Narongsak Osottanakhorn ថា​ក្រុម​ក្មេងៗ​ដែលជា​ជនរងគ្រោះ​នោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្ថិតនៅ​ទីទួល​ដែល​ស្ថិតក្នុង​រូងភ្នំ Tham Luang (​មានឈ្មោះ​ក្រៅផ្លូវការ​ថា ឆ្នេរ​ប៉ា​តា​យ៉ា​)​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់​សម្តី​ទាហាន​ថៃ​ដែល​ដឹកនាំ​ក្រុម​សង្គ្រោះ​ថា មកដល់ពេលនេះ ខាង​អាជ្ញាធរ​បាន​បញ្ជូន​ចំណីអាហារ​ប៉ូវ​កម្លាំង​រួមទាំង​ជែ​ល​សម្រាប់​បរិភោគ​ដែលមាន​កាឡូរី​ខ្ពស់ និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ក៏ដូចជា​ក្រុមគ្រូពេទ្យ​ចូលទៅ​សង្គ្រោះ និង​ពិនិត្យ​សុខភាព​ដល់​ជនរងគ្រោះ​ទាំងនោះ​ដើម្បី​ធានាថា ការនាំ​ពួកគេ​ចេញ​អាចធ្វើ​ទៅបាន​ដោយ​សុវត្ថិភាព​។

ប៉ុន្តែ​យ៉ាងណា ខាង​ក្រុម​សង្គ្រោះ​ដឹង​ច្បាស់​ថា ដោយសារ​សុខភាព​ជនរងគ្រោះ​នៅមាន​សភាព​ទន់ខ្សោយ​ដ្បិត​ខ្វះ​ចំនីអាហារ​រយៈពេល​១០​ថ្ងៃ​មក ហើយ​ស្ថានភាព​ផ្លូវ​ក្នុង​រូងភ្នំ​ត្រូវ​លិច​ទឹក​អស់​និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​មាត់​រូង​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ពិបាក​នាំ​ពួកគេ​មុជទឹក​ដើម្បី​ចេញពី​រូងភ្នំ​។  ជារួម វា​ចាំបាច់​ត្រូវ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​មុជទឹក​ដើម្បី​ហែល​ឆ្លងកាត់​តាមផ្លូវ​ទឹក​ដែលជា​ច្រក​ក្រោម​ដី​ដ៏​ស្មុគស្មាញ​នោះ​ដើម្បី​ចេញមកក្រៅ​រូងភ្នំ​បាន​។

​លោក Osottanakhorn បាន​បន្ថែមថា បញ្ហាសំខាន់​នៅពេលនេះ គឺ​ធ្វើយ៉ាងណា​រក​វិធី​ជួយ​ក្មេងៗ​ទាំងនោះ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព ខណៈ​ទឹក​អាច​នឹង​បន្ត​កើនឡើង​ថែមទៀត​។ បើតាម​អ្នកជំនាញ​យ៉ាងហោចណាស់​ត្រូវ​ចំណាយពេល​រហូតដល់​ទៅ​៤​ខែ​ឯណោះ​ទើប​អាច​នាំ​ក្មេងៗ​ទាំងនោះ​ចេញពី​រូងភ្នំ Tham Luang Nang Non ដែល​ស្ថិត​ក្នុងស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​នេះ​បាន​៕

​សូមបញ្ជាក់ថា ក្មេងៗ​ទាំង​១២​នាក់​និង​គ្រូ​របស់គេ​ត្រូវបាន​រកឃើញ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ចន្ទ​ដោយ​ក្រុម​អ្នក​មុជទឹក​អង់គ្លេស​នៅ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ទីតាំង​មួយ​​ដែល​គេ​សន្មត​ថា​ក្រុម​នេះ​ស្នាក់នៅ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *