ស្ថានីយ៏ប្រេងឥន្ធនៈ ចំនួន៧ នៅក្នុងខេត្តតាកែវ ត្រូវបានមន្រ្តីកាំកុងត្រូល រកឃើញលក់សាំង ធម្មតា និងសាំងស៊ុបពែ ក្នុងតម្លៃមិនត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងពាណិជ្ជកម្ម

តាកែវ៖ មន្រ្តីជំនាញកាំងកុងត្រូល សាខាខេត្តតាកែវ នៅថ្ងៃចន្ទ ៥ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យ តាមបណ្តាស្ថានីយ៍លក់ និងចែកចាយប្រេងឥន្ធនៈមួយចំនួននៅ ក្នុងខេត្តតាកែវ បានរកឃើញ ស្ថានីយ៏ចែកចាយប្រេងឥន្ទនៈមួយចំនួន បានលក់ប្រេងសាំងធម្មតា និងប្រេងសាំងស៊ុបពែ ខុសពីតម្លៃ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។

បើតាមការឲ្យដឹងពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ខេត្តតាកែវ ថា ដោយជួយសម្រួលនូវជីវភាព របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច បញ្ចុះតម្លៃលក់រាយប្រេងឥន្ធន: នៅកម្ពុជាចំនួន១៦០រៀល ក្នុង១លីត្រ ដូច្នោះដើម្បីអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់នេះ មន្រ្តីជំនាញកាំកុងត្រូវ បានចុះត្រួតពិនិត្យ ស្ថានីយ៏ប្រេងឥន្ទនៈ ហើយក្នុងចំណោម ស្ថានីយ៍ប្រេងឥន្ទន:ចំនួន ១៧ នៅក្នុងខេត្តតាកែវ ដែលមន្រ្តីកាំកុងត្រូល ចុះត្រួតពិនិត្យ បានរកឃើញថា មានស្ថានីយ៏ចែកចាយ ប្រេងឥន្ទនៈ ចំនួន៦ លក់ប្រេងសាំងធម្មតា ក្នុងតម្លៃ ៤១០០រៀល លើសចំនួន១៥០រៀល ពីការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលតម្រូវអោយលក់ តម្លៃ ៣៩៥០រៀល រីឯសាំងស៊ុបពែ មានស្ថាននីយ៏ប្រេងឥន្ទនៈចំនួន៧ គឺស្ថានីយ៏PTTនិង Tela បានលក់ក្នុងតម្លៃ ៤៣០០រៀល លើសចំនួន ១០០រៀល ដោយឡែក ចំពោះប្រេងម៉ាស៊ូត គឺគ្រប់ស្ថានីយ៏ទាំងអស់ បានលក់ត្រឹមត្រូវ ទៅតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។

Leave a Reply

Your email address will not be published. Required fields are marked *