អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថាកម្លាំងនគរបាល ត្រូវតែជាកម្លាំងដែលពលរដ្ឋ អាចជឿទុកចិត្តបាន

ខេត្តរតនគិរី÷ឯកឧត្តម  ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងប្រជាការពារ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ថា ក្នុងនាមជាកងកម្លាំងនគរបាល ត្រូវតែជាកម្លាំងដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន ដោយឈរលើគោលការណ៍ប្រកាន់ភ្ជាប់នូវសីលធម៌ សុជីវធម៌ និងវិន័យរបស់កងកម្លាំង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាន​ស្នើឲ្យកងកម្លាំងទាំងអស់ប្រើគ្រប់វិធីក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដោយរកគ្រប់មធ្យោបាយជៀសវាងនូវការប៉ះទង្គិច ឬកើតឡើងនូវអំពើហិង្សាណាមួយ។

ជាងនេះទៅទៀតកងកម្លាំងត្រូវចេះចូលរួមសហការគ្នា ផ្លាស់ប្តូរយោបល់ និងចេះរាយការណ៍ទប់ស្កាត់រាល់ស្ថានភាព សភាពការ ដែលកើតឡើងនៅមូលដ្ឋាន និងស្ថានភាពកំពុងប្រឈម ជៀសវាងការអនុវត្តផ្ទុយទៅនឹងបទបញ្ជា ចូលរួមឲ្យបានជិតស្និតជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានរាយការណ៍ព័ត៌មានដែលកើតឡើង និងអាចទប់ស្កាត់បានទាន់ពេលវេលា។

ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្តក៏បានជំរុញឲ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងលើសមត្ថភាពជំនាញបន្ថែមទៀត និងចូលរួមរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងការបោះឆ្នោតនាពេលដ៏ ខ្លីខាងមុខនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *