លោក​ដូណាល់ ត្រាំ​​អាច​​ដោះ​ដៃ​​ចេញ​​ពី​​កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​​អ៊ីរ៉ង់

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នឹង​ត្រូវ​បញ្ជាក់​ទៅ​សភា នៅ​ថ្ងៃ​សុក្រ​នេះ ថា តើ​អ៊ីរ៉ង់​បានគោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែរឬទេ។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​ស្ថិតនៅក្រោម​ការតាមដាន​យ៉ាង​កៀកកិត​ពីមជ្ឈដ្ឋាន​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ ជាពិសេស​អ៊ីរ៉ង់​ដែល​ជា​ភាគី​ហត្ថលេខី។ សភា​អាមេរិក​នឹង​មាន​ពេល ៦០​ថ្ងៃ ដើម្បី សម្រេច​ថា តើ​នឹង​ដាក់​ឡើងវិញ ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​អ៊ីរ៉ង់ ដែល​អាមេរិក​បាន​ដកផ្អាក នៅក្រោយ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៥ ដែរឬទេ។

នៅ​យប់​ថ្ងៃ​សុក្រនេះ បើសិន​គ្មានអព្ភូតហេតុ​អ្វី កើតឡើង​ទេ លោកដូណាល់ ត្រាំ នឹង​ប្រកាស​បញ្ជាក់​ទៅ​សភា​ថា អ៊ីរ៉ង់​មិន​បាន​គោរព​ធ្វើ​តាម​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោកដូណាល់ ត្រាំ​បាន​និយាយ​រិះគន់ តាំង​ពីយូរយា​ណាស់​មកហើយ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាក្រក់ បំផុត ដែល​លោក​មិនធ្លាប់​ឃើញ​មាន​ពីមុនមក។ តាំង​ពី​ចូល​កាន់តំណែង ជាប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​ធ្លាប់​បាន​ផ្តល់​ចម្លើយ​ទៅ​សភា​អាមេរិក​ពីរលើក​រួចហើយ​ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បាន​ចុះ​ជាមួយ​មហាអំណាច​រួម​ទាំង​អាមេរិក នៅ​ឆ្នាំ ២០១៥។

ប៉ុន្តែ លោកដូណាល់ ត្រាំ ដែល​បាន​បរិហារ​រិះគន់ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ជាថ្មី​ម្តងទៀត នៅ​វេទិកា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នាពេល​កន្លងទៅ ទំនង​ជា​នឹង​មិន​បញ្ជាក់​ទៅ​សភាទៀត​ទេថា អ៊ីរ៉ង់ គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

ទីភ្នាក់ងារ​បរិមាណូ​អន្តរជាតិ AIEA បញ្ជាក់ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប៉ុន្តែ លោក​ដូណាល់ មិន​យល់​ឃើញផ្ទុយពីនេះ។

លោកដូណាល់ ត្រាំ បំផ្លាញ​ចោលឲ្យ​អស់​នូវ​កិច្ចខំប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់​ ​លោកអូបាម៉ា ព្រោះតែ​លោក ចង់​បង្ហាញ​ថា លោក​មាន​ជំហរ​ថ្មី ខុស​ពី​ប្រធានាធិបតី​អាណត្តិ​មុន។ លោក​ដូណាល់ ត្រាំ ចង់​បំផ្លាញ​ចោល ច្បាប់​សុខភាព​អូបាម៉ា។ លោក​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ ហើយ​និង​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក និង​បាន​ដក​អាមេរិក​ចេញពី​អង្គការ​យូណេស្កូ នៅថ្ងៃ​ព្រហស្បតិ៍ទី ១២ តុលា។

ក្នុង​កែវភ្នែក​របស់​លោក​ដូណាល់​ត្រាំ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ធ្វើ​ឲ្យ​អាមេរិក​ខាត​ប្រយោជន៍​ច្រើន​ណាស់។ ផ្ទុយទៅវិញ ដោយរួចផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ ទៅ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ ចំណេញ​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន រាប់ពាន់​លាន​ដុល្លារ។ លោក​ជឿថា អ៊ីរ៉ង់​បាន​យក​ប្រាក់ចំណូល បាន​មកពី​ការលក់ប្រេង ដើម្បី ទៅ​ពង្រឹង​កម្លាំង​យោធា បង្ក​អសន្តិសុខ អុកឡុក នៅ​តំបន់​ដើមបូព៌ា ដូចជា​បញ្ចូនទ័ព​ទៅ​ស៊ីរី យេម៉ែន ដែល​ជា​ការគំរាមកំហែង​ដល់​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់។ ទៅ៣ ទៀត លោកដូណាល់ ត្រាំ​មានការច្រណែន​ខ្លាំង​ណាស់ នឹង​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប ដែល​បាន​ចាប់ទទួល​ផ្លែផ្កា​សេដ្ឋកិច្ច នៅក្រោយ អ៊ីរ៉ង់​រួចផុត​ពី​ទណ្ឌកម្មម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។

(អត្ថបទដកស្រង់សម្រាប់សាកល្បងគេហទំព័រ)

Leave a Reply

Your email address will not be published. Required fields are marked *