រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន សាលាអង្គរខ្មែរ អុិចប្រេសត្រូវសមត្ថកិច្ចចុះឆែកឆេរដោយសារតែលួចដឹកសត្វព្រៃជាច្រើនប្រភេទ

ភ្នំពេញ៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សាលាអង្គរខ្មែរ អុិចប្រេស ត្រូវសមត្ថកិច្ចចុះឆែកឆេរ ដោយសារតែ លួចដឹកសត្វព្រៃជាច្រើនប្រភេទ កាលពីវេលាម៉ោង៥និង ០០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពី លោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញបានឲ្យដឹងថា លោកបាន ដឹកនាំកម្លាំងធ្វើការចុះឃាត់ រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សាលាអង្គរខ្មែរ អុិចប្រេស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣C-៩៧៧៤ ដកហូតបានសត្វព្រៃជាច្រើនប្រភេទ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីធ្វើការបង្ក្រាប សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បាននាំយករថយន្តក្រុង ដែលមានលួចលាក់ដឹកសត្វព្រៃខាងលើ មករក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៅខណ្ឌចំការមន រង់ចាំព្រះរាជអាជ្ញា ចុះមកត្រួតពិនិត្យ ដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃ។

បើតាមការឲ្យដឹងពីលោក គាំ សីហានាយការិយាល័យ រដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះ គឺកម្លាំងរបស់លោក បានតាមដាន ស៊ើបអង្កេតរយ:ពេលមួយសប្តាហ៍មកហើយ ទើបនៅព្រឹកកើតហេតុនេះ បានឃើញរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងនេះ ដួចជាគួរឲ្យមានការសង្ស័យ ក៏បានឃាត់និងឆែកឆេរ ហើយក៏រកឃើញសត្វព្រៃ ជាច្រើនកេសនៅក្នុងរថយន្តតែម្តង។

លោក គាំ សីហា បន្តថា នៅក្នុងប្រតិបត្តិការនេះ គឺមានការសម្របសម្រួល ដោយលោកហុឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ហើយសត្វព្រៃដែលបង្ក្រាបបានមានចំនួន១៧កេស ក្នុងនោះមានសត្វអន្សង កន្ធាយ អណ្តើក ពស់ និងសត្វប្រវឹង ស្មើនឹង៤២១គីឡូក្រាម។

បន្ទាប់ពីធ្វើរបាយការណ៍រួច សត្វព្រៃទាំងអស់នេះ ត្រូវបានលោក គាំ សីហា នាយការិយាល័យ រដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីយកទៅព្រលែង នៅតាមតំបន់ព្រៃភ្នំ រីឯសត្វដែលងាប់ គឺក្រុមការងារយកទៅដុតកំទេចចោលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *