ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង កំពុងបំផ្លាញផ្លូវថែមទាំងសង្ស័យថា ជាអ្នកបង្ហូរកាកសំណល់គីមីបណ្តាលឲ្យពុលពលរដ្ឋនៅក្រចេះ
ខេត្តមណ្ឌលគិរី ÷ សហគមន៍រ៉ែមាសសម្តែងក្តីសោកស្តាយ គ្រាដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពល មិនបាន ធ្វើដំណើរមកដល់ទីតាំងស្វែងរករ៉ែមាសរបស់សហគមន៍និងទីតាំងរុករករ៉ែមាសរបស់ក្រុមហ៊ុនរ៉ុង ឆេង គ្រាដែល ទីតាំងទាំងពីរនេះកំពុងស្ថិតក្នុងការសង្ស័យថា ប្រើប្រាស់សាធាតុគីមីពុល ធ្វើការចម្រាញ់មាស ហើយហូរកាក សំណល់ចូលទឹកបង្ករឲ្យេពលរដ្ឋនៅខេត្តក្រចេះពុលរហូតមានការស្លាប់ជាច្រើននាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ខែឧសភា មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានដឹកនាំមន្ត្រីជំនាញនិងកងកម្លាំង ប្រដាប់ អាវុធជា ច្រើននាក់ចុះទៅភូមិពូទុង ឃុំចុងផ្លាស់(តំបន់ព្រៃមាស)ដើម្បីស្វែងរកសាធាតុពុលឈ្មោះ(សានីត) ដែល បង្ករឲ្យមានការពុលតាមរយៈទឹក ប៉ុន្តែក្រុមកាងារបានត្រឡប់ក្រោយវិញ ដោយសារតែផ្លូវមិនអាចធ្វើ ដំណើរបានព្រោះ ក្រុមហ៊ុនបានប្រើរថយន្ត ប៉ាកុង ជាច្រើនគ្រឿងដឹកប្រេងជាង១សប្តាហ៍នេះ បំផ្លាញផ្លូវលំទាំង ស្រុងតែម្តង។
កាលពីថ្ងៃម្សិលមិញនោះដែរប្រជាសហគមន៍រ៉ែមាសក៏បានមកជួបជុំគ្នានៅសាលាឃុំចុងផ្លាស់ប្រមាណជា៣០០នាក់ ក្នុងគោលបំណង ស្វែងរកការជួយអន្តរាគមន៍លើការរុករាន្តរណ្តៅរ៉ែមាសរបស់សហគមន៍ ពីសំណាក់ក្រុមហ៊ុន ចិនឈ្មោះរ៉ុង ឆេង និងសូមក្តីអនុគ្រោះពីប្រមុខថ្នាក់ដឹកនាំកម្ពុជាផងដែរលើការ បន្ថែមជម្រៅរណ្តៅលើសពី ២០ ម៉ែត្រ។
តំណាងសហគមន៍រ៉ែមាសចុងផ្លាស់លោកពៅ សាវាត បានលើកឡើងក្នុងពេលជួបជុំគ្នានោះថា ក្រុមហ៊ុនរ៉ុងឆេង បានបំពាន រណ្តៅរ៉ែមាសរបស់សហគមន៍ចំនួន០៤អណ្តូងប៉ុន្តែមិនមានវិធានការណ៍ទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។ក្រុមហ៊ុនដដែលបានប្រើគ្រប់រូបភាពញុះញុងគ្រប់រូបភាព ដើម្បីធ្វើយ៉ាងណាឲ្យរំលាយសហគមន៍រ៉ែមាសរបស់ពលរដ្ឋ ចោល។តំណាងសហគមន៍ដដែលបន្តថា ក្រុមហ៊ុនកំពុងស្តុកកាកសំណល់សាធាតុពុលរាប់លានតោន ក្នុងក្រុមហ៊ុន ហើយបានហូរជាតិគីមីពុលចូលទឹកអូរក្លរ បង្ករការពុលពលរដ្ឋថែមទៀត។ក្រុមសហគមន៍បញ្ជាក់ ថា ទោះបីជាក្រសួងរ៉ែនិងថាមពល ចុះពិនិត្យស្វែងរកជាតិពុលក្នុងរណ្តៅឬរ៉ែមាសរបស់សហគមន៍ ពលរដ្ឋមាន តែ សប្បាយចិត្ត ត្បិតការចម្រាញ់យកកម្ទិចរ៉ែមាសគឺប្រើអាស៊ីតសរ តែប៉ុននោះ មិនបានប្រើគីមីអ្វីនោះ ទេ។ទោះ យ៉ាងណាពលរដ្ឋមានការសោកស្តាយថា ក្រសួងខកខានមិនបានចូលមកពិនិត្យក្នុងសហគមន៍និង ក្រុមហ៊ុន រ៉ុងឆេង។
ប្រភពមួយពីអ្នកកាពារបរិស្ថានបានបង្ហើបថា ក្រុមកាងាររបស់គេកាលពីជាង១០ថ្ងៃមុន (ក្រោយពុលទឹកនៅ ក្រចេះ) បានយកទឹកអូរក្លរ ក្បែរក្រុមហ៊ុនរ៉ុងឆេង ទៅពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ហើយលទ្ធផល គឺបានរក ឃើញជាតិគីមីពុលឈ្មោះសានីត មានកម្រិតជាតិពុលដល់ទៅ៣០០ ដែលជាកម្រិតមួយបង្ករឲ្យមនុស្សស្លាប់បានភ្លាមៗ ពេលផឹកទឹកអូរក្លរនេះ។ក្រុមកាងារខាងលើបញ្ជាក់ថា ជាតិពុលឈ្មោះសានីត ស្ថិតក្នុងអូរក្លរជាប់ទីតាំង របស់ក្រុមហ៊ុនរ៉ុង ឆេង ហើយមិនបានហូរចេញពីរ៉ែមាសរបស់សហគមន៍នោះទេ។
ប្រធានមន្ទីរ៉ែនិងថាមពលខេត្តមណ្ឌលគិរីលោកសាន់ ដារឹទ្ធ ថ្លែងនៅថ្ងៃទី២០ខែឧសភានេះថា លោកក៏កំពុងព្រួយបារម្មណ៍អំពីលទ្ធភាពប្រជាសហគមន៍រ៉ែមាសចុងផ្លាស់ដែរ ព្រោះធនធានរ៉ែដែលនៅក្រោមដីនោះពួកគាត់គ្មានលទ្ធភាពទាញយក ដោយច្បាប់កំណត់តែត្រឹមម្ភៃម៉ែត្រ។
លោកថា ប្រហែលជាមិនអាចនោះទេ ចំពោះការស្នើរសូមជម្រៅលើសនេះ ព្រោះអាចប្រឈមនិងគ្រោះថ្នាក់ ហើយអ្នកដែលទទួលខុសត្រូវគឺខាងមន្ទីរតែម្តង។
ប្រធានមន្ទីរដដែលបន្តថា ចំពោះព័ត៌មានសារធាតុគីមីពុលដែលក្រសួងពាណិជ្ជកម្មលើកឡើងនោះ គឺរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានចុះមកពិនិត្យដែរតែផ្លូវលំបាកទើបត្រឡប់ទៅវិញ តែប្រហែលជាទៅម្តងទៀតនៅថ្ងៃទី២១ឧសភា។
ពាក់ព័ន្ធនិងសារធាតុគីមីពលនេះដែរ ប្រសិនបើរកឃើញថាទីតាំងក្រុមហ៊ុនរ៉ុង ឆេង និងសហគមន៍រ៉ែមាសប្រើប្រាស់ បណ្តាលឱ្យពុលពិតមែនអ្នកទាំងនោះនិងទទួលទោសតាមច្បាប់ហើយ។
នៅថ្ងៃដដែលនេះតំណាងក្រមហ៊ុនរ៉ុង ឆេង សារព័ត៌មានយើងមិនអាចសូមការបំភ្លឺបាននោះទេ។
កាលពីថ្ងៃទី១៦ខែឧសភាកន្លងទៅក្នុងសន្និសិទកាសែតមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្រិតជាតិពុលដែលបង្ករឲ្យមានមនុស្សស្លាប់នៅស្រុកចិត្តបុរីខេត្តក្រចេះនោះ បង្ករឡើងដោយសារធាតុគីមីម្យ៉ាងឈ្មោះសានីត ជាតិគីមីនេះគេប្រើក្នុងការបន្សុតយកមាសនៅតាមទីតាំងរ៉ែមាសជាដើម។
លោកថា ធុងដាក់សារធាតុគីមីឈ្មោះសានីត នេះត្រូវរកឃើញមានច្រើនក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។
ទោះជាយ៉ាងណាប្រជាពលរដ្ឋនិងរំពឹងថាក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែថាមពលនិងអង្គភាពពាក់ព័ន្ធច្រើនទៀតនិងពិនិត្យចំណុចអូរក្លរ ដែលសង្ស័យបូករួមនិងកាកសំណល់រាយប៉ាយជាច្រើក្នុងក្រុមហ៊ុន រ៉ុងឆេង ថាមានពាក់ព័ន្ធនិងការប្រើប្រាស់សារធាតុគីមីឈ្មោះសានីត នេះដែរឬទេ?៕