ពលរដ្ឋស្នើរសុំឲ្យមន្រ្ដីជំនាញពិនិត្យប័ណ្ណកម្មសិទ្ធិដី២០ហិកតានៅស្រុកកូនមុំ

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋ៥គ្រួសារនៅស្រុកកូនមុំស្នើសុំឲ្យមន្រ្ដីសុរិយោដីខេត្ដនិងអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យប័ណ្ណសម្គាល់កម្មសិទ្ធិដីលោក ឡាយ លៀងទ្រី សង្ស័យប្រើប្រាស់ប្លង់ក្លែងក្លាយទៅរំលោភយកដីពួកគាត់។

អាជ្ញាធរមូលដ្ឋានថាប្លង់ដីលោក ឡាយ លៀងទ្រី មានទំហំមិនច្បាស់លាស់ដោយសាប្លង់មានភាពមិនប្រក្រតីប៉ុន្ដែលោក  ឡាយ លៀងទ្រី ថានឹងប្រើប្រាស់អំណាចតុលាការដើម្បីចូលទៅកាន់កាប់ដីនៅតំបន់នោះ។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោម៥គ្រួសារនៅ ភូមិឆ្កែហត់ ឃុំត្រពាំងក្រហម ស្រុកកូនមុំ បានរៀបរាប់ថា កាលពីឆ្នាំ២០០៨ គាត់រួមនិងពលរដ្ឋមួយចំនួនទៀតបានទៅរស់នៅលើដីដែលមានទីតាំងដូចខាងលើ អ្នកខ្លះកាន់កាប់ដីចំនួន៧ហិកតាអ្នកខ្លះទៀតមាន៣ទៅ៤ហិកតាសម្រាប់ដាំស្រូវនិងដំស្វាយចន្ទីចិញ្ចឹមជីវិត។

ពលរដ្ឋម្នាក់នោះបានឲ្យដឹងទៀតថា ចាប់តាំងពីពួកគាត់បាននាំគ្នាទៅរស់នៅនិងបង្កបង្កើនផលនៅលើដីនោះអស់រយ:៧.៨ឆ្នាំពុំដែលមានបញ្ហាអ្វីទេ ពោលគឺគ្មានអ្នកផ្សេងមករារាំងឡើយ។

លុះមកដល់ដើមឆ្នាំ២០១៨ស្រាប់តែលេចមុខបុរសម្នាក់ឈ្មោះឡាយលៀងទ្រីនៅឯខេត្ដកំពុងចាមបានអះអាងថាដីដែលពលរដ្ឋ៥គ្រួសារកំពុងតែរស់នៅនិងអាស្រ័យផលនោះគឺជាដីរបស់គេទៅវិញ។

បុរសនោះបានបង្ហាញប្លង់សម្គាល់កម្មសិទ្ធិដែលមិនមែនជាច្បាប់ដើមថាខ្លួនបានកាន់កាប់ដីនោះកាលពីអំឡុងឆ្នាំ២០០៧ ដែលមានទំហំក្បាលដី៥០០ម៉ែត្រនិងជម្រៅ៥០០ម៉ែត្រ។

ក្រោយមកឈ្មោះឡាយលៀងទ្រីបានប្រើគ្រប់រូបភាពដើម្បីដេញប្រជាពលរដ្ឋទាំង៥គ្រួសារនោះឲ្យចាកចេញពីដីនោះ។

នៅថ្ងៃទី១ខែឧសភាឆ្នាំ២០១៨អាជ្ញាធរឃុំត្រពាំងក្រហមបានកោះហៅប្រជាពលរដ្ឋ៥គ្រួសារនោះនិងភាគីម្ខាងទៀតឲ្យចូលខ្លួនដើម្បីដោះស្រាយ។

នៅចំពោះមុខអាជ្ញាធរលោក ឡាយ លៀងទ្រី បានគំរាមពលរដ្ឋថារឿងទំនាស់ដីនោះគេបានពិភាក្សារជាមួយតុលាការរួចហើយគឺត្រូវតែដកហូតយកទាំងអស់ដោយឥតសំណងឡើយ។

នៅគ្រានោះដែរប្រជាពលរដ្ឋហាក់តក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីឮបុរសនោះបានប្រើប្រាស់អំណាចតុលាការមកដកយកដីចម្ការនិងដីលំនៅដ្ឋានពីពួកគាត់ដោយឥតសំណង។

អ្នកខ្លះបានបង្ហូទឹកភ្នែករួចបង្ខំចិត្ដផ្ដិតមេដៃប្រគល់ដីរបស់ខ្លួនឲ្យទៅគេដោយក្ដីសោកស្ដាយនៅភោគផលដំណាំដែលខ្លួនបានដាំនិងអាស្រ័យផលជិត១០ឆ្នាំមកហើយនោះ។

លោក ឡាយ លៀងទ្រី ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋ៥គ្រួសារដូចខាងលើនេះ នៅថ្ងៃទី១៧ខែឧសភានេះ សារព័ត៌មានយើងមិនអាចសុំកាបំភ្លឺបានទេ។

លោក គីម ហួរ ប្រធានក្រុមប្រឹក្សាឃុំត្រពាំងក្រហម បានបញ្ជាក់ប្រាប់សារព័ត៌មានយើងឲ្យដឹងតាមទូស័ព្ទកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨នេះថា ពាក់ព័ន្ធរឿងដីប្រជាពលរដ្ឋ៥គ្រួសារនៅទីតាំងដូចខាងលើយើងសង្ស័យបង្កាន់ដីលោកឡាលៀងទ្រីនោះមានភាពមិនប្រក្រតីគឺកោសលុបមួយផ្នែកនៅត្រង់ចំណុចបណ្ដោយដីដែលមានទំហំចំនួន ៥០០ម៉ែត្រ។

ប្រធានក្រុមប្រឹក្សាឃុំបានបញ្ជាក់ថា លោកបានប្រាប់ឲ្យភាគីលោក ឡាយ លៀងទ្រី ឲ្យយកលិខិតសម្គាល់កម្មសិទ្ធិដីរបស់ខ្លួននៅតំបន់នោះមកបង្ហាញនៅសាលាឃុំប៉ុន្ដែថ្ងៃកោះប្រជុំគេបានយកតែច្បាប់កូពីមកធ្វើជាការអំណាស់អំណាង។យើងមិនអាចយកជាផ្លូវការបានទេហើយខាងតុលាការក៏រឹតតែមិនអាចយកធ្វើជាភស្ដុតាងដើម្បីទៅរឹបអូសយកដីរបស់ពលរដ្ឋនៅតំបន់នោះបានដែរ។

ប្រធានភូមិបាលស្រុកកូនមុំ លោក ថេត បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨ថា រឿងដីរបស់ឈ្មោះ ឡាយ លៀងទ្រី លោកមិនចាំថាមានទទឹងប៉ុន្មានម៉ែត្រនិងជម្រៅចំនួនប៉ុន្មានម៉ែត្រនោះឡើយប៉ុន្ដែប្លង់ចាស់ដែលបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋានដីនោះមានទំហំ២០ហិកតា។

ប្រធានភូមិបាលស្រុកបានបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៨លោកបានចុះទៅវាស់វែងដីនោះកាលណោះលោក ឡាយ លៀងទ្រី ក៏មិនបានផ្ដល់ប្លង់ដីឲ្យដើម្បីយកទៅភ្ទៀងផ្ទាត់ទេ។

ជុំវិញបញ្ហាប្លង់ដីនោះលោកថេត ថា លោកក៏ចង់ឲ្យម្ចាស់ដីបង្ហាញប្លង់ពិតប្រាកត់ដែរ។

ទោះជាយ៉ាងនេះក្ដីប្រជាពលរដ្ឋចំនួន៥គ្រួសារនៅស្រុកកូនមុំដែលបានផ្ដិតមេដៃប្រគល់ដីរួមនិងដំណាំស្វាយចន្ទីជាច្រើនហិកតាឲ្យទៅលោក ឡាយ លៀងទ្រី បានសំណូមពរយ៉ាងទទូចឲ្យទៅខាងមន្ទីរសុរិយោដីខេត្ដនិងអាជ្ញាធរពាក់ព័ន្ធសូមបើកការត្រួតពិនិប្លង់ដីរបស់លោកទ្រីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវកុំឲ្យចេះតែដើរយកដីពលរដ្ឋស្លូតត្រង់តទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *