មន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្តរតនគិរី ពន្លឿនការសាងសង់ស្ពាន ១កន្លែងនៅស្រុកកូនមុំ បន្ទាប់ពីស្ពានចាស់ត្រូវបានអគ្គីភ័យឆាបឆេះ

ខេត្តរតនគិរី÷ លោក វ៉ា សាវុន ប្រធានការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យសារព័ត៌មានដឹង តាមទូរស័ព្ទនៅថ្ងៃទី១៧ ខែឧសភានេះថា ក្រុមការងារជំនាញរបស់មន្ទីរ បាននិងកំពុងពន្លឿនការសាងសង់ស្ពានថ្មី ១ កន្លែង ដែលមានទីតាំងនៅលើផ្លូវជាតិ ៧៨ ចាស់ ស្ថិតនៅចំណុចវាលឆ្កែហត់ ក្នុងឃុំក្របីជ្រុំ ស្រុកកូនមុំ ខេត្តរតនគិរី ខណៈដែលស្ពានចាស់ ធ្វើអំពីឈើមុននោះ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារអគ្គីភ័យឆាបឆេះ កាលពីពេលថ្មីៗនេះ ។

ប្រធានការិយាល័យសាធារណការរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ស្ពានចាស់ ធ្វើអំពីឈើដែលត្រូវបានអគ្គីភ័យឆាប់ឆេះកាលពីពេលថ្មីៗនេះ ត្រូវបានលោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចាត់តាំងដល់មន្រ្តីជំនាញ ចុះពិនិត្យ និងពន្លឿនការសាងសង់ស្ពានថ្មី ជំនួសស្ពានឈើចាស់ឡើងវិញ ដោយស្ពានបេតុង លូជ្រុងមុខពីរ ដែលមានប្រវែងបណ្តោយ ៨.៦ ម៉ែត្រ និងទទឹង ៦.៩ ម៉ែត្រ ។

លោក វ៉ា សាវុន បានសង្កត់ធ្ងន់ថា ស្ពានថ្មីនេះ ជាប្រភេទស្ពានលូជ្រុងមុខពីរ ហើយគម្រោងនេះ គឺជាគម្រោងបន្ទាន់ ដែលមន្ទីរបានស្នើទៅអន្តរក្រសួង ដើម្បីសុំថវិកាជាតិ យកមកសាងសង់ ខណៈដែលស្ពានចាស់ ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ស្ទើរទាំងស្រុង ដូច្នេះបើទោះជាមានការយឺតយ៉ាវបន្តិចបន្តួចក្នុងការសាងសង់ លោកក៏បានធ្វើការសំណូមពរសូមអោយមានការយោគយល់ពីសំណាក់សាធារណៈមតិ ក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ ។

ទន្ទឹមហ្នឹងការសាងសង់ស្ពានថ្មីមួយ ជំនួសស្ពានចាស់ ១កន្លែងនេះហើយ លោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការ និងជញ្ជូនខេត្តរតនគិរី ក៏បានចាត់តាំងដល់មន្រ្តីក្រោមឱវាទ ឲ្យធ្វើការជម្រាស់ស្មៅ នៅលើដងផ្លូវជាតិលេខ ៧៨ ចាស់ ជាពិសេសនៅតំបន់ស្ពានទាំង ១៤ ឲ្យបានស្អាត ដើម្បីជាសោភណ្ឌភាព ក៏ដូចជាដើម្បីជួយសម្រួលបន្ថែមដល់អ្នកធ្វើដំណើរ ងាយស្រួលធ្វើចរាចរណ៍នៅលើដងផ្លូវនេះ ។

ជាមួយគ្នានោះ លោក ស៊ុន ប៉ូលីន ក៏បានណែនាំដល់មន្រ្តីឱវាទ ឲ្យខិតខំបន្តយកចិត្តទុកដាក់បន្ថែម ក្នុងការបំពេញតួនាទី ភារៈកិច្ចប្រកបដោយការទទួលខុសត្រូវ ជាពិសេសត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលា នូវអ្វីដែលមន្ទីរអាចធ្វើទៅបាន ស្របតាមតម្រូវការ រឺក៏សំណូមរបស់ប្រជាពលរដ្ឋ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាធំ ។

ទាក់ទងទៅហ្នឹងការសាងសង់ស្ពានថ្មីនេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមតាមបណ្តោយដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវខាងលើ បានសាទរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានជួសជុល និងថែទាំ ក៏ដូចជាសាងសង់នូវស្ពានថ្មីនេះ បានទាន់ពេលវេលា ។

យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានបង្ហាញថា នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០១៨នេះ ការងារសម្រេចបាន និងកំពុងបន្តមាន៖

ទី១.ការងារជួសជុលស្ថាបនាផ្លូវខេត្តលេខ ៣៧៨៩ ប្រវែង ៥.១០០ ម៉ែត្រ សម្រេចបាន ១០០% នៅក្នុងស្រុកអណ្តូងមាស ។

ទី២. ៥.ការងារស្ថាបនាលូអ៊ុយ ប្រវែង ៣៥០ ម៉ែត្រ នៅលើផ្លូវក្រុងលេខ៥០ សម្រេចបាន ១០០% នៅក្នុងក្រុងបានលុង ។

ទី៣. ការងារស្ថាបនាលូជ្រុងមុខពីរ បណ្តោយ ៨.៦ម ទទឹង ៦.៩ម នៅលើផ្លូវចូលរមណីយដ្ឋានបឹងយក្ខឡោម សម្រេចបាន ១០០% ។

ទី៤. បើកការដ្ឋាន និងអនុវត្តន៍ការងារជួសជុលស្ថាបនាផ្លូវគ្រួសក្រហមខេត្តលេខ ៣៧៨៩ ប្រវែង ៤.៩៦០ ម៉ែត្រ សម្រេចបាន ១០០% នៅក្នុងស្រុកអណ្តូងមាស ។

ទី៥.ការងារបន្ទាន់ ស្ថាបនាស្ពានថ្មីលូជ្រុងមុខពីរ នៅឃុំក្របីជ្រុំ ស្រុកកូនមុុំ ដែលស្ពានចាស់ត្រូវបានអគ្គីភ័យឆាបឆេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅមុនពេលការបោះឆ្នោត នាពេលដ៏ខ្លីខាងមុខនេះ ។

ទី៦. ការងារស្ថាបនាផ្លូវក្នុងក្រុង ចំនួន ៥ខ្សែ ប្រវែង ៦.០០០ ម៉ែត្រ សម្រេចបាន ៦០% នៅក្នុងក្រុងបានលុង ។

និងទី៧. ៧.ការងារថែទាំប្រចាំឆ្នាំ២០១៧ សម្រេចបាន ១០០% តាមកិច្ចសន្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕

Leave a Reply

Your email address will not be published. Required fields are marked *