រថយន្ត៣គ្រឿង បុកគ្នាជាបន្តបន្ទាប់ សំណាងល្អគ្មានមនុស្សរងគ្រោះថ្នាក់..!

ខេត្តរតនគិរី÷ រថយន្ត៣គ្រឿងបុកគ្នាជាបន្តបន្ទាប់យ៉ាងពេញទំហឹង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សបាត់បង់ជីវិតឡើយ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចឡើងភ្នំអូរត្រាវ ក្បែរចម្ការឯកឧត្តម ប៊ូ ឡាំ ស្ថិតនៅក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។

តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបរបង្ក ខណៈបើករថយន្តផង និយាយទូរស័ព្ទផង ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចឡើងចំណោត។ ពេលនោះរថយន្តបានរេចង្កូតមកឆ្វេង ស្របពេលជាមួយគ្នានោះ ក៏មានរថយន្តហាយប្រ៊ីត១គ្រឿងបើកមកដល់ជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តហាយប្រ៊ីត រេចង្កូតទៅបុករថយន្តនីសាន់ NAVARA ១គ្រឿងទៀត ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តហាយប្រ៊ីតក្រឡាប់ផ្ងារកង់ឡើងលើ។

មន្ត្រីនគរបាលចរាចរបន្តថា រថយន្តបង្ក ម៉ាកកាមរីហើម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-5854 ។ ចំណែករថយន្តគ្រោះទី១ ម៉ាកតូយូតាហាយប្រ៊ីត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2S-5158 បើកបរក្នុងទិសដៅពីលិចមកកើត អ្នកបើកបររងរបួសស្រាល។ ដោយឡែករថយន្តរងគ្រោះទី២គ្រឿង ម៉ាកនីសាន់ NAVARA ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7618 បើកបរក្នុងទិសដៅពីកើតមកលិច អ្នកបើកបររងរបួសស្រាល។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយក្ខឡោម និងនគរបាលចរាចរខេត្ត បានចុះមកអន្តរាគមន៍ធ្វើការវាស់វែង រួចអូសយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *